ការនាំចេញ​ទិន្នផល​ដូងប្រេង មានការ​កើនឡើង​ក្នុង ឆ្នាំ២០១៧

0

ភ្នំពេញ ៖ ការនាំចេញ​ដូងប្រេង​របស់​ក្រុមហ៊ុន​ម៉ុង រិទ្ធី​គ្រុប បាន​កើនឡើង​ក្នុង​ចន្លោះ១៥ ទៅ២០ភាគរយ ក្នុង​រយៈពេល​បី​ត្រីមាស ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

អនុប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​ដូងប្រេង​របស់​ឧកញ៉ា ម៉ុង រិទ្ធី លោក ប្រា​ចាក់ កង​តាណ​ម​ថា​ម​Prachak Kongtanomtham បាន​ឲ្យ​ដឹង នា​ថ្ងៃទី ១២ ខែកញ្ញា ម្សិលមិញ​នេះ​ថា ការនាំចេញ​នៃ​ទិន្នផល​ដូងប្រេង ឆ្នាំនេះ មានការ​កើនឡើង ក្នុង​ចំនួន​ខាងលើនេះ ដោយ​ទំហំ​នៃ​ការនាំចេញ​បាន​កើន​ឡើងដល់៣០,០០០តោន និង​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា២៣លាន​ដុល្លារ​អាមេរិក។

លោក បាន​បន្ថែមថា ទោះបីជា​មានការ​កើនឡើង​នូវ​ចំនួន​នាំចេញ​ក្ដី តែ​បញ្ហា​តម្លៃ​លក់​ចេញ​មិនមាន​ភាពប្រែប្រួល​នោះទេ ព្រោះថា​សព្វថ្ងៃ​ទិន្នផល​ដូងប្រេង១តោន លក់បាន​ក្នុងតម្លៃ​ត្រឹមតែ​ប្រមាណ​ជាង៦២០ ដុល្លារ​ប៉ុណ្ណោះ ដែល​តម្លៃ​នេះ មាន​ភាព​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន។

លោក បន្តថា ការកើនឡើង​នូវ​ការនាំចេញ​ទិន្នផល​ដូងប្រេង​នេះ គឺ​ដោយសារតែ​ខាង​ក្រុមហ៊ុន​បាន​សិក្សា​យ៉ាង​ម៉ត់ចត់​ពី​គុណភាព​ដី ស្ថានភាព​ទឹកភ្លៀង​មាន​ភាព​អំណោយផល និង​ស្របពេល ដែល​ដើម​ដូងប្រេង កំពុងតែ​ពេញវ័យ​ក្នុង​ការផលិត។

សព្វថ្ងៃ​ប្រទេស​កម្ពុជា​មិនទាន់មាន​ក្រុមហ៊ុន កែច្នៃ​ផលិតផល​សម្រេច​ចេញពី​ដូងប្រេង នោះទេ ដែល​ធ្វើ​ឲ្យ​ទិន្នផល​ទាំងអស់​ត្រូវ​បញ្ជូនទៅ​លក់​បរទេស ដោយ​ក្នុងនោះ​មាន​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​ស្វី​ស ប្រទេស​ចិន ប្រទេស​កូរ៉េ ប្រទេស​ប៉ា​គី​ស្ថាន និង​ប្រទេស​ម៉ាឡេស៊ី។ ក្នុងចំណោម​ទីផ្សារ​អន្តរជាតិ​ទាំងនេះ ប្រទេស​ម៉ាឡេស៊ី ជា​ប្រទេស ដែល​នាំចូល​ផលិតផល​ដូងប្រេង​ពី​កម្ពុជា​ធំជាងគេ។

ជុំវិញ​ការកើនឡើង​នៃ​ការនាំចេញ​ទិន្នផល​ដូងប្រេង ទៅកាន់​បរទេស​នេះ ទីប្រឹក្សា​ជាន់ខ្ពស់ ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​លើកឡើងថា វា​ជាការ​ធ្វើ​ពិពិធ​កម្ម​លើ​ផលិតផល​កសិកម្ម ដែល​យើង​មិន​ពឹង​ផ្អែកលើ​ការនាំចេញ​នូវ​ផលិតផល​ស្រូវ អង្ករ​តែមួយ​មុខ។ ក្នុងនោះ​លោក ង៉ែត ជូ ក៏បាន​បន្ថែមថា បើសិនជា​មានលទ្ធភាព ក្រុមហ៊ុន​គួរតែបង្កើត​ក្រុមហ៊ុន​កែច្នៃ​ផលិតផល​សម្រេច ដើម្បី​ផ្ដល់​ការងារ​បាន​កាន់តែច្រើន​ជូន​ប្រជាជន​កម្ពុជា។

សព្វថ្ងៃ​ក្រុមហ៊ុន​ដូងប្រេង​របស់លោក​ឧក​ញ៉ា ម៉ុង រិទ្ធី មាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ជា ១៦, ០០០ហិច​តា ដែលមាន​ទីតាំង​ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ហើយ​ក្រុមហ៊ុន​នេះ ក៏បានផ្ដល់​ការងារ​ដល់​ប្រជាជន ប្រមាណ​ជា២០០០នាក់​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here