ការប្រើប្រាស់បច្ចេកវិទ្យាវាយតម្លៃអចលនទ្រព្យតាមឌីជីថលនឹងបង្កើនទំនុកចិត្តលើទីផ្សារអចលនទ្រព្យ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ អាជីវកម្មអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានធ្វើពិពិធកម្មបន្តិចម្ដងៗ ពីអាជីវកម្មតាមប្រពៃណី ក្លាយទៅជាអាជីវកម្ម ដែលបានប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប ក្នុងប្រតិបត្តិការទីផ្សារ។ បច្ចេកវិទ្យាឌីជីថលនេះនឹងបង្កើនទំនុកចិត្តកាន់តែខ្លាំង នៅលើទីផ្សារអចលនទ្រព្យ។

លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាអភិាលក្រុមហ៊ុន VTrust Appraisal បានមានប្រសាសន៍ថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងអាជីវកម្មអចលនទ្រព្យ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយយើងឃើញថា ក្នុងមួយថ្ងៃៗ មានការដាក់បញ្ចូលព័ត៌មាន ដើម្បីវាយតម្លៃអចលនទ្រព្យរបស់អតិថិជន ដែលមានបំណងស្នើសុំឥណទានពីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុច្រើនៗឡើង។

លោកបន្តថា កាលពីដំបូង ការដាក់អចលនទ្រព្យវាយតម្លៃមានត្រឹមតែ១០០ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ប៉ុន្តែរហូតមកដល់ពេលនេះ វាមានរហូតដល់រាប់ពាន់អចលនទ្រព្យ ដែលបានដាក់វាយតម្លៃ ហើយការវាយតម្លៃតាមប្រព័ន្ធឌីជីថលជាការបង្កើនទំនុកចិត្តដល់អតិថិជន និងដៃគូរធនាគារហិរញ្ញវត្ថុ។

លោកថា ”ទៅថ្ងៃខាងមុខ យើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា  អ្វីដែលអតិថិជនកំពុងប្រើប្រាស់ គាត់នឹងបន្ថែម ទៅលើតម្រូវការនូវអ្វី ដែលគាត់កំពុងត្រូវការ”។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងផងដែរថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងវិស័យអចលនទ្រព្យ នឹងជួយពន្លឿនដល់ការធ្វើប្រតិបត្តិការទិញលក់ និងសុក្រិតភាព ជាងការដែលធ្វើតាមបែបប្រពៃណីកន្លងមក។

លោកបន្តថា នៅបណ្ដាប្រទេសរីកចម្រើននៅលើពិភពលោកបានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងអាជីវកម្មអចលនទ្រព្យនេះយូរហើយ តែកម្ពុជាយើងទើបតែចាប់ផ្ដើមប្រើប្រាស់ និងកំពុងមានការគាំទ្រពីសំណាក់ភ្នាក់ងារវាយតម្លៃ និងអ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ទៅថ្ងៃខាងមុខយើងជឿថា វានឹងជួយដល់វិស័យអចលនទ្រព្យបានកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here