អ្នកជំនាញបង្ហើបពីវិធីសាស្ត្របង្កើនតម្លៃអចលនទ្រព្យនិងវិធីទទួលបានចំណូលពីការវិនិយោគ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងការវិនិយោគអចលនទ្រព្យ អ្នកបោះទុនចំណាយតែងតែរំពឹងពីចំណូលត្រលប់មកវិញ ដោយប្រើប្រាស់វិធីសាស្ត្រខុសៗគ្នា។ អ្នកជំនាញអចលនទ្រព្យបង្ហើបពីវិធីសាស្ត្រ និងក្បួនបង្កើនតម្លៃអចលនទ្រព្យ និងការទទួលបានចំណូលពីការវិនិយោគ។

លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment បានមានប្រសាសន៍ថា អ្នកវិនិយោគអាចទទួលបានចំណូលពីការវិនិយោគអចលនទ្រព្យតាមរយៈ៤វិធីដូចខាងក្រោម៖

ទី១. កា​រឡើង​ថ្លៃ​នៃតម្លៃអចលនទ្រព្យ​នៅលើទីផ្សារ ៖ ចំណុចនេះគឺសំដៅ​ដល់ការទិញ​អចលនទ្រព្យ​ទុក​ដើម្បី​វិនិយោគបន្ត ឬសម្រាប់លក់យកចំណេញវិញ​ពេលវា​ឡើងថ្លៃ ខណៈដែល​ការកើន​ឡើង​នៃតម្លៃអចលនទ្រព្យ​តិច ឬច្រើន គឺអាស្រ័យទាក់ទង​ទៅនឹ​ងតម្រូវការទីផ្សារជាក់ស្ដែង ពី​ព្រោះថា​នៅពេល​អចលនទ្រព្យ​​មានតម្រូវកា​រកាន់តែខ្ពស់ តម្លៃអចលនទ្រព្យ​ក៏នឹងកើនឡើង​កាន់តែខ្ពស់​ផង​ដែរ។

ទី២. កា​របង្កើត​ចំណូលអចលនទ្រព្យប្រចាំខែ៖ សំដៅ​ដល់ការទិញអចលនទ្រព្យសម្រាប់វិនិយោគដោយការជួល​យក​កម្រៃ​ជា​ប្រចាំខែ ឬប្រចាំឆ្នាំ ដូចជា​ការ​ទិញដី ឃ្លាំង ឬទិញផ្ទះនៅជាប់ផ្លូវធំដែលអាចបើកអាជីវកម្ម​បាន ​ហើយជួលឱ្យ​អ្នក​ដែល​ចង់បើកអាជីវកម្ម និ​ងទទួលបានប្រាក់ឈ្នួល​ប្រចាំខែត្រឡប់មកវិញ ។

ទី៣. ​ការ​បូក​បញ្ចូលគ្នារវាង​របៀបទី​១ និងរបៀបទី​២៖ នៅក្នុងចំណុចនេះ គេអាចបន្តអនុវត្តរបៀបទី២ ដោយការជួលយកកម្រៃប្រចាំខែ ឬឆ្នាំ ហើយនៅពេល​ដែល​មានតម្រូវការទីផ្សារខ្ពស់ តម្លៃចាប់ផ្តើមឡើងថ្លៃខ្លាំង គេក៏អាចសម្រេចចិត្តលក់យកចំណេញទាំងដុលតែម្ដង។ របៀបទី៣នេះត្រូវបានគេនិយមអនុវត្ត​ច្រើន​ជាងគេ។

ទី​៤. ការបង្កើត​ចំណូលពីការ​វិនិយោគអចលនទ្រព្យដោយខ្លួនឯងផ្ទាល់៖​ ចំណុចនេះ អ្នកវិនិយោគខ្លួនឯងដោយផ្ទាល់អាច​ទិញអចលនទ្រព្យយកមកប្រើជា​ប្រយោជន៍​ជាក់ស្ដែង ដោយការបង្កើតជាទីតាំងអាជីវកម្ម ឬអភិវឌ្ឍជាលំនៅដ្ឋានជួលដែលអាច​រកចំណូល​ប្រចាំថ្ងៃ ​ប្រចាំខែ ឬក៏​ទិញ​ដី​ដែលមានទីតាំ​ងល្អ​សម្រាប់​​បើក​មុខរបរ​អាជីវកម្មខ្លួនឯងតែម្ដង ព្រោះនៅពេលដែលតំបន់មួយមានមនុស្សរស់នៅ មានសកម្មភាពអាជីវកម្ម នោះតម្លៃដីធ្លីក៏ឡើងដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here