ប្រទេសសេដ្ឋកិច្ចធំៗចំនួនបីក្នុងអាស៊ានកំពុងប្រកួតប្រជែងគ្នាដើម្បីដណ្តើមចំណែកលំហូរទុនវិនិយោគពីបរទេស

0

ដោយ: លាងហួរ

ហ្សាការតា: ប្រទេសឥណ្ឌូណេស៊ីគ្រោងរៀបចំបង្ហាញព័ត៌មានលម្អិតបន្ថែម អំពីគម្រោងទិដ្ឋាការស្នាក់នៅរយៈពេលវែងរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនបរទេស និងវិនិយោគិនអចលនទ្រព្យ រួមទាំងមកពីប្រទេសចិន និងទីក្រុងហុងកុង។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២។

ពេលនេះ ក្រុមមន្ត្រីនៅទីក្រុងហ្សាការតាបានបង្ហាញផែនការតម្រូវឱ្យវិនិយោគិនបរទេសដាក់ប្រាក់តម្កល់នៅធនាគារយ៉ាងតិចបំផុតចំនួន១៣០.០០០ដុល្លារអាមេរិក និងមានការផ្អាកយកពន្ធជាបណ្តោះអាសន្នលើប្រាក់ចំណូលពីបរទេស ដើម្បីប្រកួតប្រជែងនឹងគម្រោងស្រដៀងគ្នា របស់ប្រទេសជិតខាងក្នុងតំបន់ដូចជាប្រទេសម៉ាឡេស៊ី និងថៃ។ ផែនការនេះអាចជំរុញឱ្យតម្លៃអចលនទ្រព្យក្នុងស្រុកហក់ឡើង ព្រមទាំងជួយស្តារវិស័យទេសចរណ៍របស់ប្រទេសឥណ្ឌូណេស៊ី ឱ្យងើបឡើងវិញផងដែរ។

តាមរយៈការស្ទង់មតិ របស់ធនាគារកណ្តាលឥណ្ឌូណេស៊ី កាលពីខែសីហាកន្លងទៅ  បានបង្ហាញថាទីផ្សារលំនៅដ្ឋានបឋម របស់ប្រទេសឥណ្ឌូណេស៊ីបានងើបឡើងវិញ នៅពាក់កណ្តាលឆ្នាំ។ ចំណែកសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី ដែលមានទំហំ១,២ពាន់ពាន់លានដុល្លារ បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំចំនួន៥,៧ កាលពីត្រីមាសមុន។

លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមនៃក្រុមហ៊ុន Juwai IQI បានមានប្រសាសន៍ថា គម្រោងទិដ្ឋាការនេះអាចទទួលបានជោគជ័យយ៉ាងខ្លាំង ជាមួយនឹងអ្នកដែលធ្វើដំណើរមកពីតំបន់ចិនដីគោក និងទីក្រុងហុងកុង ដែលប្រាថ្នាចង់បានរបៀបរស់នៅដ៏គួរឱ្យទាក់ទាញ និងតម្លៃនៃការរស់នៅទាប។

យោងតាមទិន្នន័យចងក្រងដោយ Juwai IQI បានឱ្យដឹងថា កម្មវិធីរបស់ប្រទេសម៉ាឡេស៊ី តម្រូវឱ្យវិនិយោគិនបរទេសមានទ្រព្យ ដែលអាចបញ្ចាំនៅធនាគារបាន យ៉ាងតិចបំផុតចំនួន៣៣៤.០០០ដុល្លារអាមេរិក និងមានប្រាក់ចំណូលនៅក្រៅប្រទេសប្រចាំខែ យ៉ាងហោចណាស់ចំនួនជាង៩១៥៥ដុល្លារអាមេរិក។ កម្មវិធី “ផ្ទះទីពីរ” របស់ម៉ាឡេស៊ីបានទាក់ទាញជនបរទេសជាង៤២.០០០នាក់ ដោយមួយភាគបី នៃជនបរទេសទាំងនោះ មានប្រភពមកពីតំបន់ចិនដីគោក និងហុងកុង។

ដោយឡែក ប្រទេសថៃវិញបានចាប់ផ្តើមទទួលយកពាក្យស្នើសុំ សម្រាប់គម្រោងទិដ្ឋាការស្នាក់នៅរយៈពេលវែងរហូតទៅដល់១០ឆ្នាំ។ គម្រោងទិដ្ឋាការស្នាក់នៅរយៈពេលវែង (LTR) របស់ប្រទេសថៃនេះគ្រោងទាក់ទាញដល់ជនបរទេស ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬជនបរទេសមានជំនាញចំនួន១លាននាក់ មកកាន់ប្រទេសថៃ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីទទួលបានទុនវិនិយោគសរុបចំនួន២៧ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here