ដោយ: លាងហួរ
ប៉េកាំង: យោងតាមការព្យាករណ៍ចុងក្រោយដោយក្រុមសេដ្ឋវិទូរបស់ក្រុមហ៊ុន Goldman Sachs បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែបន្តដើរនៅលើផ្លូវឈានឆ្ពោះ ទៅបញ្ចប់តំណែងជាមហាអំណាចសេដ្ឋកិច្ចទី១ លើពិភពលោក របស់សហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ២០៣៥។
យោងតាមសេដ្ឋវិទូចំនួន២រូបគឺ លោក Kevin Daly និងលោកTadas Gedminas បានអះអាងថា កំណើនសក្តានុពលនៅក្នុងប្រទេសចិន នៅតែមានកម្រិតខ្ពស់ជាងនៅសហរដ្ឋអាមេរិក។
-->

ប្រទេសចិន បានបង្រួមគម្លាតខុសគ្នា រវាង GDP របស់ខ្លួន ជាមួយនឹង GDP របស់សហរដ្ឋអាមេរិករួចទៅហើយ ដោយផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានកើនឡើងពី១២ភាគរយនៃ GDP របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០០ដល់ក្រោម៨០ភាគរយ។
យោងតាមរបាយការណ៍ ដែលព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកនឹងប្រែក្លាយទៅជាយ៉ាងណារហូតដល់ឆ្នាំ២០៧៥បានបង្ហាញថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ របស់ប្រទេសចិន នឹងមានប្រហែល៤ភាគរយពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៩ ធៀបនឹង១,៩ភាគរយនៅក្នុងសហរដ្ឋអាមេរិក។
យោងតាមការព្យាករណ៍របស់ក្រុមសេដ្ឋវិទូដដែលបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ របស់ប្រទេសចិន អាចធ្លាក់ចុះមកត្រឹម២,៥ភាគរយ ពីឆ្នាំ២០៣០ដល់ឆ្នាំ២០៣៩ ពោលគឺនឹងធ្លាក់ចុះយ៉ាងខ្លាំងពីកំណើន៧,៧ភាគរយ ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៩។
ក្រុមសេដ្ឋវិទូបាននិយាយថា កំណើនសេដ្ឋកិច្ចយឺតយ៉ាវនេះ ត្រូវបានជំរុញដោយកត្តាប្រជាសាស្រ្ត ហើយវាបណ្តាលឱ្យអត្រាកំណើនសក្តានុពលរបស់ប្រទេសចិន ធ្លាក់ចុះទាបជាងបណ្តាប្រទេសអាស៊ីមួយចំនួនដូចជា ឥណ្ឌា ឥណ្ឌូណេស៊ី និងហ្វីលីពីន។

របាយការណ៍ដដែលបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសកលនឹងមានជាមធ្យមតិចជាង៣ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេល១០ឆ្នាំខាងមុខ ហើយវានឹងបន្តធ្លាក់ចុះ ជាលំដាប់ ដោយសារតែ កំណើនប្រជាជនកាន់តែចុះទន់ខ្សោយ។
នៅក្នុងសមាជគណបក្សលើកទី២០របស់ប្រទេសចិន កាលពីខែតុលា ទីក្រុងប៉េកាំងបានប្តេជ្ញាថា នឹងសម្រេចឱ្យបានកម្រិតប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៃប្រទេសអភិវឌ្ឍន៍មធ្យមនៅឆ្នាំ២០៣៥ ដែលមានន័យថាចិននឹងបង្កើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗឱ្យបានយ៉ាងហោចណាស់២មុឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
ដើម្បីសម្រេចបាននូវគោលដៅនេះ អត្រាកំណើន GDP ប្រចាំឆ្នាំរបស់ប្រទេសចិន គួរតែមានមិនតិចជាង៤,៧៣ភាគរយ ប៉ុន្តែទីប្រឹក្សារដ្ឋាភិបាលបាននិយាយថា វាអាចនឹងពិបាកសម្រេចទៅបាន ខណៈចំនួនប្រជាជនដែលមានវ័យចំណាស់ របស់ប្រទេសចិនកំពុងកើនឡើង។
លោក Kevin Daly បានបន្ថែមថា ភាពខ្លាំងពិសេសរបស់ប្រាក់ដុល្លារអាមេរិកក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គឺជាហេតុផលមួយផ្សេងទៀត សម្រាប់ការពិនិត្យមើលឡើងវិញរយៈពេល១០ឆ្នាំក្រោយ នៅពេលប្រទេសចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលេខ១នៅលើពិភពលោក ។
ទោះបីជាយ៉ាងណា ភាពខ្លាំងរបស់ប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់យ័នរបស់ចិន ទំនងជានឹងធ្លាក់ចុះ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដែលកត្តានេះនឹងផ្តល់នូវ មូលដ្ឋានបន្ថែមទៀត សម្រាប់ប្រទេសចិន ដើម្បីវ៉ាដាច់សហរដ្ឋអាមេរិក។
របាយការណ៍ដដែលក៏បានព្យាករណ៍ផងដែរថា ឥទ្ធិពលនៃផលិតផលក្នុងស្រុកសរុបពិភពលោក នឹងផ្លាស់ប្តូរកាន់តែច្រើនឆ្ពោះទៅកាន់តំបន់អាស៊ីក្នុងរយៈពេល៣០ឆ្នាំខាងមុខ ហើយប្រទេស ដែលនឹងមានសេដ្ឋកិច្ចធំជាងគេទាំង៥របស់ពិភពលោកនៅឆ្នាំ២០៥០ រួមមានដូចជា ប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា ឥណ្ឌូណេស៊ី និងអាល្លឺម៉ង់។
ស្របពេលជាមួយគ្នានេះដែរ នៅក្នុងឆ្នាំ២០៧៥ ប្រទេសឥណ្ឌានឹងវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក បន្ទាប់ពីប្រទេសចិន៕