ប្រធានCVEAមានយន្តការច្រើនណាស់ដែលទីផ្សារដីធ្លីនៅតែជា ការវិនិយោគល្អប្រសើរ

0

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនលវត្ថុកម្ពុជា(CVEA)លោកច្រឹក សុខនីមបានលើកឡើងថា មានយន្តការនិងគោលនយោបាយរបស់រដ្ឋាភិបាលច្រើនណាស់ ដែលបាននិងកំពុងជម្រុញឲ្យតម្លៃដីធ្លីកើនឡើង។

លោកបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល គោលនយោបាយទាក់ទាញការវិនិយោគ តាមរយៈច្បាប់បទដ្ឋានគតិយុត្តិថ្មីៗ ការកសាងផ្លូវក្រវ៉ាត់ក្រុងជាបន្តបន្ទាប់ និងផែនការពង្រីកទីក្រុងជាបន្តបន្ទាប់នាពេលអនាគត សុទ្ឋតែជាមូលដ្ឋានសំខាន់ ក្នុងការជម្រុញឲ្យមានការវិនិយោគដីធ្លីបានល្អប្រសើរ និងមានឱកា​សចំណេញខ្ពស់។

លោកបន្តថា “ការវិនិយោគដីធ្លីនៅកម្ពុជា នៅតែមានផលចំណេញជាមធ្យមភាគ១០ទៅ១៥ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែតំបន់ខ្លះអាចកើនឡើងដល់៣០ភាគរយ និង១០០ភាគរយក្នុងមួយឆ្នាំក៏មាន”។

ទាក់ទងវិធីសាស្រ្តទិញដីឲ្យបានល្អ លោកច្រឹក សុខនីមបានពន្យល់ថា អ្នកវិនិយោគដីធ្លី ឬប្រជាពលរដ្ឋអាចសាកសួរ ពីផែនការអភិវឌ្ឍរបស់ក្រុង ឬខេត្តបាន តាមរយៈការស្នើសុំទៅកាន់មន្ទីរសុរិយោដី ឬក៏សាលារាជធានីខេត្តក៏បាន ឬក៏តាមវិធីសាស្ត្រណា ដែលបងប្អូនអាចមានឱកាស ក្នុងការចាប់យកដើម្បីរកប្រាក់ចំណេញពីការវិនិយោគដីធ្លីបានឆាប់ៗ ។

លោកសុខនីមបានបន្តថា “ការវិនិយោគដីធ្លី មិនគួររកទីតាំងដែលមានការអភិវឌ្ឍរួចហើយនោះទេ ដូចជានៅកណ្ដាលក្រុង ទីប្រជុំជន ពីព្រោះឱកាសនៃការឡើងថ្លៃដីធ្លីមានកម្រិតទាប ខុសពីតំបន់ដែលនៅឆ្ងាយពីក្រុងឬទីប្រជុំដូចជាតំបន់ជាយក្រុង ឬតំបន់មិនទាន់មានការអភិវឌ្ឍខ្លាំងដូចនៅកណ្ដាល”។

ក្នុងប្រទេសកម្ពុជាមានអ្នកជោគជ័យជាច្រើន ពីវិស័យអចលនទ្រព្យ ជាពិសេសនោះ គឺពីវិស័យដីធ្លីនេះតែម្ដង ដោយពួកគេចេះចាប់ឱកាសក្នុងការវិនិយោគដីធ្លី ដោយភាគច្រើនមើលឃើញថា ពួកគាត់បានស្វែងរកទិញដីនៅតំបន់មិនទាន់អភិវឌ្ឍ ហើយទុករយៈពេលណាមួយ ដែលដីនោះឡើងថ្លៃខ្ពស់ពួកគាត់លក់យកចំណេញ ហើយយកប្រាក់ចំណេញនោះទៅវិនិយោគនៅតំបន់ណា ដែលមិនទាន់មានការអភិវឌ្ឍ ដោយរង់ចាំឱ្យមានការអភិវឌ្ឍទើបលក់ជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here