ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា កំពុងតែធ្វើការសិក្សា ក្នុងការរៀបចំកន្លែងធ្វើលិខិតឆ្លងដែន២កន្លែង ក្នុងខេត្តបាត់ដំបង និងស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងក្នុងសិក្ខាសិលា ពិគ្រោះយោបល់ថ្នាក់ជាតិ កតិកាសញ្ញាជាសកលស្ដីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី១០តុលានេះថា ក្នុងគោលដៅកាត់់បន្ថយចំនួនពលករខុសច្បាប់ទៅបរទេស ជាពិសេសប្រទេសថៃ និងជួយសម្រួលភាពងាយស្រួលដល់ប្រជាជននោះ កម្ពុជាកំពុងតែសិក្សា បង្កើតកន្លែងធ្វើលិខិតឆ្លងដែន និងទិដ្ឋិការ ក្នុងខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ភាគពាយ័ព្យនៃប្រទេសកម្ពុជា។
-->

ក្នុងគោលដៅកាត់បន្ថយពលករចំណាកស្រុកខុសច្បាប់ សម្តេចក្រឡាហោមស ខេង នឹងជំរុញឲ្យមានការបិទច្រករបៀងតាមព្រំដែនផងដែរ ព្រោះសម្ដេចបានចាត់ទុកថា ច្រករបៀងនេះជាច្រកវាងរបស់ប្រជាជន ដែលគ្មានឯកសារផ្លូវច្បាប់ត្រឹមត្រូវ ដើម្បីទៅធ្វើការនៅបរទេស ព្រោះច្រករបៀងនេះគ្មានការពិនិត្យបានត្រឹមត្រូវនោះទេ។ សម្ដេចបញ្ជាក់ថា “ការបិទច្រករបៀងនានា នឹងជួយកាត់បន្ថយការឆ្លងដែនទៅធ្វើការដោយខុសច្បាប់ ដោយប្រជាជនទាំងអស់ ត្រូវតែឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិ ដោយមានឯកសារផ្លូវច្បាប់ត្រឹមត្រូវ។
ដើម្បីទប់ពីបញ្ហាការឆ្លងដែនទៅធ្វើការដោយខុសច្បាប់នេះ ត្រូវតែមានការសហការចូលរួម ពីសំណាក់មន្ត្រីពាក់ព័ន្ធទាំងអស់ទើបអាចធ្វើទៅរួច ព្រោះបច្ចុប្បន្នជាមធ្យមអាជ្ញាធរប្រទេសថៃ ចាប់បញ្ជូនពលករខ្មែរខុសច្បាប់ ប្រមាណជា១០០នាក់ក្នុងមួយថ្ងៃ។នេះបើតាមការបញ្ជាក់របស់សម្តេចស ខេង៕