ប្រទេសចិន កំពុងអភិវឌ្ឍន៍និងតេស្តរថភ្លើងល្បឿនលឿនបំផុតក្នុងលោកដែលអាចរត់បាន១.០០០គីឡូម៉ែត្រក្នុង១ម៉ោង

0

ដោយៈ សុខុម

ហុងកុង: មជ្ឈមណ្ឌលស្រាវជ្រាវនៃប្រទេសចិន ដែលកំពុងអភិវឌ្ឍន៍រថភ្លើងល្បឿនលឿនបំផុតក្នុងលោក បានបញ្ចប់ការធ្វើតេស្តរត់សាកល្បងដំណាក់កាលដំបូង ដោយប្រើប្រាស់តួរថយន្ត ដឹកអ្នកដំណើរពេញទំហំ។ នេះបើយោងតាមកាសែត South China Morning Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា។

សារព័ត៌មាន China Space News បានផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែមករា ថា ការធ្វើតេស្តរត់សាកល្បង ដំណាក់កាលដំបូងចំនួន៣លើកនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅលើផ្លូវតេស្តរត់សាកល្បងរថភ្លើងល្បឿនលឿន ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តសានស៊ី (Shanxi) ពីថ្ងៃទី១៤ ខែមករា។

ប្រសិនបើអ្វីៗទទួលបានជោគជ័យតាមការគ្រោងទុក នៅទីបំផុតប្រ​ទេសចិន នឹងផលិតបាននូវរថភ្លើងដឹកអ្នកដំណើរ និងទំនិញដ៏លឿនបំផុតក្នុងពិភពលោកជាមួយ នឹងល្បឿនរហូតដល់ទៅ១.០០០គីឡូម៉ែត្រ ក្នុង១ម៉ោង។

ក្រុមហ៊ុនសាជីវកម្មវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិន (CASIC) នៃក្រសួងការពារជាតិចិន ដែលសាងសង់ និងដំណើរការមជ្ឈ​មណ្ឌលស្រាវជ្រាវខាងលើ បាននិយាយអំពីដំណើរការអភិវឌ្ឍន៍រថភ្លើងនេះថា សមាសធាតុសំខាន់ៗរួមទាំងមេដែកបញ្ជូនថាមពលខ្ពស់ ប្រព័ន្ធអគ្គិសនីថាមពលខ្ពស់ ការគ្រប់គ្រងសុវត្ថិភាពបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត (AI) ឧបករណ៍ទំនាក់ទំនងឥតខ្សែ (Wireless) និងឧបករណ៍ចាប់រលកសញ្ញា (Sensor) បានដំណើរការដូចដែលបានគ្រោងទុក អំឡុងពេលធ្វើតេស្តរត់សាកល្បង។

បច្ចុប្បន្ន ប្រទេសចិន ដំណើរការបណ្តាញផ្លូវដែកល្បឿនលឿនធំបំផុតក្នុងពិភពលោក ជាមួយនឹងប្រវែងសរុប លើសពី៤២.០០០គីឡូម៉ែត្រ៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here