ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញថ្លែងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់កិច្ច ពិភាក្សាទ្វេភាគី គ្រាដែលសម្តេចតេជោ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច នៅប្រទេសឡាវ។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៣ កុម្ភៈកន្លងមកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ប្រទេសឡាវ គឺជាធុងអាគុយ នៃអគ្គិសនីតំបន់អាស៊ាន ហើយកម្ពុជាជាទីផ្សារមួយ ដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ដូច្នេះហើយយើងផ្តល់ការយកចិត្តទុកដាក់ សហការគ្នា ទៅលើបញ្ហាអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្ម។
សម្តេចបានមានប្រសាសន៍ទៀតថា “យើងបានយល់ស្របជាមួយគ្នា ទាក់ទងនឹងការតភ្ជាប់ រវាងខេត្តចំប៉ាសាក់ ជាមួយខេត្តព្រះវិហារ និងរវាងខេត្តអាតាពើ ជាមួយខេត្តរតនគីរី ដែលជានេះជាការផ្តល់នូវអំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន”។ សម្តេចបន្តថា “យើងក៏បានពិភាក្សាគ្នា ទាក់ទិននឹងការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងឡាវ ក៏ដូចជាប្រទេសដទៃទៀតផងដែរ”។
សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា ការពិភាក្សារបស់យើង ក៏គ្រប់ដណ្តប់ ទៅលើបញ្ហាវិស័យទេសចរណ៍ ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងវិស័យទេសចរណ៍តាមផ្លូវអាកាស ដែលអាចតភ្ជាប់បណ្តា ទីក្រុងជាពិសេសហ្លួងព្រះបាទ ទៅសៀមរាប និងភ្នំពេញ ដែលផ្តល់ឱកាសសម្រាប់អ្នកទេសចរ បង្វែរគោលដៅពីកម្ពុជាមកឡាវ និងពីឡាវមកកម្ពុជាផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា កម្ពុជានឹងប្រគល់អ្នកទោសជនជាតិឡាវ និងថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជា ទៅឱ្យប្រទេសទាំងពីរនេះវិញ នៅមុនបុណ្យចូលឆ្នាំថ្មី ខណៈដែលកម្ពុជា ឡាវ និងថៃ មានមហាសង្គ្រាន្តក្នុងពេលតែមួយរួមគ្នា។ សម្តេចក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះ ដើម្បីបញ្ជូនអ្នកទោសជនជាតិថៃ និងឡាវ ឱ្យបានត្រឡប់ទៅប្រទេសថៃ និងឡាវវិញ នៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។
សម្តេចបានអះអាងថា សម្តេចក៏បានប្រាប់ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងពន្ធនាគារ សហការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះឱ្យបានឆាប់ផងដែរ៕
