ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រុមហ៊ុនអចលនទ្រព្យចិនខ្នាតយក្ស Vanke គ្រោងប្រមូលប្រាក់បាន២,២ពាន់លានដុល្លារអាមេរិក តាមរយៈការចេញភាគហ៊ុន១,១ពាន់លានដល់វិនិយោគិនជាក់លាក់ នៅក្នុងផ្សារហ៊ុនShenzhen ដើម្បីបំពេញបន្ថែមសាច់ប្រាក់ងាយស្រួល និងផ្តល់មូលនិធិដល់គម្រោងអចលនទ្រព្យ។
សំណើខាងលើនេះ កំពុងរង់ចាំអនុម័តពីម្ចាស់ភាគហ៊ុន និងនិយតករមូលបត្ររបស់ប្រទេសចិន។
ក្រុមហ៊ុន Vanke បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់ផ្សារហ៊ុនហុងកុង កាលពីថ្ងៃអាទិត្យថា “ភាគហ៊ុននេះ ត្រូវបានបម្រុងទុកសម្រាប់វិនិយោគិនជាក់លាក់ចំនួន៣៥ រួមទាំងក្រុមហ៊ុនមូលបត្រ វិនិយោគិនធានារ៉ាប់រងស្ថាប័ន និងវិនិយោគិនស្ថាប័នបរទេស”។
ក្រុមហ៊ុន Vanke ត្រូវបានចុះបញ្ជីនៅក្រុង Shenzhen និងហុងកុង ហើយភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានជួញដូរខ្ពស់ជាងមុន១,៣៤ភាគរយនៅទីក្រុងហុងកុង គិតត្រឹមពាក់កណ្តាលថ្ងៃចន្ទនេះ។
ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការធ្លាក់ចុះនៃការលក់ផ្ទះ និងការគៀបសង្កត់របស់ទីក្រុងប៉េកាំងលើបំណុលច្រើនហួសហេតុ ដែលធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ កាន់តែលំបាកលើការខ្ចីប្រាក់។
កាលពីដើមឆ្នាំ២០២២ ប្រធានក្រុមហ៊ុនVanke លោក Yu Liang ធ្លាប់បានបញ្ជាក់ប្រាប់បុគ្គលិកថា “ពួកគេប្រឈមមុខនឹងការប្រយុទ្ធ ដើម្បីរស់រានមានជីវិត”។

សេចក្តីប្រកាសកាលពីថ្ងៃអាទិត្យបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Vanke ទទួលបានកូតាសម្រាប់ក្រដាសប្រាក់ រយៈពេលមធ្យមក្នុងស្រុកចំនួន៣ ដែលមានតម្លៃសរុប ចំនួន៣៣,៧ពាន់លានយ័ននៅថ្ងៃទី២ ខែកុម្ភៈ។
ក្រុមហ៊ុន Vanke គ្រោងបោះផ្សាយមូលបត្របំណុល នៅក្នុងស្រុកចំនួន៩ពាន់លានយ័នដំបូង ហើយប្រើប្រាស់ប្រាក់ចំណូលនោះ ដើម្បីសងបំណុល និងផ្តល់មូលនិធិដល់គម្រោងអចលនទ្រព្យ៕