អាជ្ញាធរអគ្គិសនីធានាអះអាងពីការផ្ដល់ថាមពលជូនវិនិយោគិន ប៉ុន្តែអ្នកជំនាញថាគុណភាពថាមពលអគ្គិសនីនៅមានកម្រិត

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កាលពីមុននេះ បញ្ហាមួយដែលធ្វើឱ្យវិនិយោគិនបរទេសរារែក ក្នុងការបណ្ដាក់ទុនវិនិយោគ ក្នុងប្រទេសកម្ពុជាគឺកង្វះខាតថាមពល ឬតម្លៃថាមពល ក្នុងប្រទេសកម្ពុជាខ្ពស់ជាងបណ្ដាប្រទេសជិតខាង។

ប៉ុន្តែដើម្បីបញ្ជាក់ពីទំនុកចិត្តវិនិយោគិនបរទេស ដែលគ្រោងនឹងចូលមកវិនិយោគនៅកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជាបានធនាអះអាង ពីការផ្ដល់ថាមពលជូនវិនិយោគិន ខណៈកម្ពុជាមានប្រភពថាមពល កាន់តែច្រើនសម្រាប់ប្រើប្រាស់។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី ១៥ កុម្ភៈ ២០២៣ ឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានប្រភពថាមពលអគ្គិសនីច្រើន ដែលអាចផ្ដល់ជាថាមពលសម្រាប់ប្រើប្រាស់ ក្នុងតម្រូវការនាពេលបច្ចុប្បន្ននេះ ។

លោកបន្តថា “កាលពីមុនយើងមានការខ្វះខាតថាមពល ជាពិសេសនៅក្នុងអំឡុងឆ្នាំ ២០១៩ ដែលកាលនោះ សកម្មភាពឧស្សាហកម្ម សំណង់ រោងចក្រជាច្រើន បានកើនឡើងខ្ពស់ ធ្វើឱ្យតម្រូវការប្រើប្រាស់ថាមពលក៏ច្រើន”។ លោកបន្តថា “តាមរយៈបទពិសោធនេះ យើងបានសិក្សាពីវាហើយក៏បានស្វះស្វែងរកថាមពលបន្ថែម មកបំពេញតម្រូវការដែលធ្វើឱ្យយើងអាចមានថាមពល សម្រាប់ប្រើប្រាស់គ្រប់គ្រាន់ និងសេសសល់មួយចំនួនផងដែរ”។

លោកបន្តថា គិតនៅថ្ងៃទី១៤ កុម្ភៈ ២០២៣ ការប្រើប្រាស់ថាមពលប្រចាំថ្ងៃ នៅក្នុងប្រទេសកម្ពុជាសរុប មានជាង២២០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ខណៈថាមពល ដែលយើងផលិតបានមានជាង៣៤០០មេហ្គាវ៉ាត់។ ដូច្នេះយើងមានថាមពលគ្រប់គ្រាន់ សម្រាប់ផ្ដល់ជូនការវិនិយោគនានា ពីខាងក្រៅប្រទេសឬក្នុងស្រុកថ្មីៗបន្តទៀត ។

លោកបញ្ជាក់ថា “យើងលែងខ្វះខាតថាមពល សម្រាប់ផ្ដល់ជូនអ្នកវិនិយោគទៀតហើយ។ អ្នកវិនិយោគដែលចង់មកបង្កើត រោងចក្រ ឧស្សា​​ហកម្ម រោងចក្រកែច្នៃផ្សេងៗ គឺលែងខ្វះខាតហើយ ជាពិសេសតម្លៃថាមពលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា យើងក៏ឃើញថាចាប់ផ្ដើមមានតម្លៃទាបចុះជាបន្តបន្ទាប់”។

ក្នុងឆ្នាំ២០២៣នេះ កម្ពុជានឹងមិនដំឡើងថ្លៃថាមពលអគ្គិសនីនោះទេ ទោះបីជាប្រទេសជាច្រើនជុំវិញយើងនេះឡើងថ្លៃក្ដី។

បើតាមការសិក្សារបស់UNDP ប្រចាំកម្ពុជាបានបង្ហាញថា វិស័យឧស្សា​ហកម្មសំណង់ បានប្រើប្រាស់ថាមពលអគ្គិសនីច្រើនជាងគេ ក្នុងចំណោមវិស័យសំខាន់ៗអាទិភាព ក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែងក្នុងអំឡុងឆ្នាំ ២០១៩ គ្រាដែលសកម្មភាពសាងសង់ ក្នុងប្រទេសកម្ពុជាផ្ទុះឡើងខ្លាំង ធ្វើឱ្យកម្ពុ ជាមានការខ្វះខាតថាមពលសម្រាប់ផ្គត់ផ្គង់ និងធ្វើឱ្យអាជ្ញាធរត្រូវសម្រេចផ្ដាច់ការផ្គត់ផ្គង់ ពីតំបន់មួយយកទៅបំពេញការខ្វះ នៅតំបន់មួយផ្សេងទៀត។

ទោះជាយ៉ាងណាអ្នកជំនាញបានលើកឡើងថា ថាមពលអគ្គិសនីនៅមានគុណភាពនៅមានកម្រិតនៅឡើយ ដែលធ្វើឲ្យអ្នកវិនិយោគមួយចំនួនមិនទាន់សម្រេចចិត្តវិនិយោគ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា បញ្ហាគុណភាពថាមពលអគ្គិសនីនៅកម្ពុជា ជាបញ្ហាប្រឈ​មមួយផងដែរ ដោយសារគុណភាពយើងនៅមានកម្រិត។ ភាពមានកម្រិតនេះនៅត្រង់ថា ថាមពលអគ្គិសនីកម្ពុជា ឡើងចុះមិនទៀតទាត់ បញ្ហាដាច់ចរន្តអគ្គិសនីញឹកញាប់ និងបញ្ហារចនាសម្ព័ន្ឋ ខ្សែបណ្តាញអគ្គិសនីផងដែរ។

លោកបន្តថា “ការដាច់ចរន្តអគ្គិសនីញឹកញាប់ នឹងមិនធ្វើឲ្យរោងចក្រ ឧស្សាហកម្មធុនធ្ងន់ ជ្រើសរើសយកជាជម្រើសវិនិយោគទេ”។

លោកបានលើកជាឧទាហរណ៍ធាក់ស្តែងថា ឧទាហរណ៍រោងចក្រផលិតស៊ីម៉ងត៍ ការ៉ូ ឥដ្ឋជាដើម នៅពេលកំពុងដំណើរការសង្វាក់ផលិតកម្ម ប្រសិនជាដាច់ចរន្រអគ្គិសនី ចង្វាក់ផលិតកម្មនោះនឹងត្រូចខូចខាត និងខាតបង់ក្នុងទ្រង់ទ្រាយធំ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here