របាយការណ៍៍ថ្មី!ភ្ញៀវទេសចរចិននឹងចូលមកទស្សនាកម្ពុជាកាន់តែច្រើននៅថ្ងៃឈប់សម្រាកខែឧសភាខាងមុខ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ការធ្វើដំណើរទៅក្រៅប្រទេស បានបន្តងើបឡើងវិញ ចាប់តាំងពីប្រទេសចិន បានចាប់ផ្តើមកម្មវិធីសាកល្បង ធ្វើដំណើរឡើងវិញនៅថ្ងៃទី៦ ខែកុម្ភៈ។

ទីភ្នាក់ងារទេសចរណ៍ចិន និងក្រុមហ៊ុនទេសចរណ៍អនឡាញបានចាប់ផ្តើមដំណើរទេសចរណ៍ជាក្រុមឡើងវិញ និងអាជីវកម្មកក់ “សំបុត្រយន្តហោះ + សណ្ឋាគារ” សម្រាប់ភ្ញៀវទេសចរចិន។

បណ្តាប្រតិបត្តិករទេសចរណ៍ ទទួលបានការសាកសួរជាច្រើនអំពីកញ្ចប់ថ្ងៃឈប់សម្រាកខែឧសភា (ចាប់ពីថ្ងៃទី២៩ ខែមេសាដល់ថ្ងៃទី៣ ឧសភា) ខណៈមនុស្សជាច្រើន កំពុងរៀបចំផែនការធ្វើដំណើររបស់ពួកគេទៅក្រៅប្រទេស។

ក្រសួងវប្បធម៌ និងទេសចរណ៍របស់ប្រទេសចិន បានអនុញ្ញាតឱ្យភ្នាក់ងារទេសចរណ៍ ដាក់ចេញនូវដំណើរទេសចរណ៍ជាក្រុម ទៅកាន់ប្រទេសចំនួន២០ រួមមាន ប្រទេសថៃ ឥណ្ឌូនេស៊ី កម្ពុជា ម៉ាល់ឌីវ ស្រីលង្កា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ឡាវ អារ៉ាប់រួម អេហ្ស៊ីប កេនយ៉ា អាហ្រ្វិកខាងត្បូង រុស្ស៊ី ស្វីស ហុងគ្រី នូវែលសេឡង់ ហ្វីជី គុយបា និងអាហ្សង់ទីន។

នៅក្នុង​ចំណោម​នោះ តំបន់អាស៊ី​អាគ្នេយ៍ ​បានក្លាយជា​គោលដៅ​ទេសចរណ៍ដ៏ពេញ​និយម​បំផុតសម្រាប់ភ្ញៀវទេសចរចិន។

លោក Jiang Wen អ្នកគ្រប់គ្រងជាន់ខ្ពស់ទទួលបន្ទុកដំណើរទេស​ចរណ៍ជាក្រុមនៅក្នុងគេហទំព័រTrip.com Group បានមានប្រសាសន៍ថា ចំនួននៃការស្វែងរកកញ្ចប់ដំណើរកម្សាន្ត ក្រៅប្រទេសបានកើនឡើងដោយកត្តាចំនួន៥ ដែលជំរុញឱ្យប្រជាប្រិយភាព នៃគោលដៅក្រៅប្រទេសកើនឡើងប្រហែល៣៣០ភាគរយ។

វេបសាយនិយាយពីការធ្វើដំណើរតាមប្រព័ន្ធអ៉ីនធឺណិត  Trip.com Group បានបន្ថែមថា “ប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងកម្ពុជា គឺជាគោលដៅទេសចរណ៍ដែលគេស្វែងរកច្រើនបំផុត”។

លើសពីនេះទៀត ពាក្យសុំលិខិតឆ្លងដែន ក៏កំពុងកើនដល់កម្រិតកំពូលផងដែរ ដែលជាសញ្ញាបង្ហាញពីការងើបឡើងវិញ នៃតម្រូវការធ្វើដំណើរទៅក្រៅប្រទេស។

យោងតាមគេហទំព័រ របស់មជ្ឈមណ្ឌលទិដ្ឋាការនៃស្ថានទូតអាមេរិកប្រចាំប្រទេសចិនបានឱ្យដឹងថា ការិយាល័យដំណើរការទិដ្ឋាការរបស់សហរដ្ឋអាមេរិកនៅទីក្រុងសៀងហៃ និងក្វាងចូវ មិនមានកន្លែងទំនេររហូតដល់ថ្ងៃទី៣១ ខែកក្កដា។

ចំណែកឯទិដ្ឋាការបារាំងក៏មានការពេញនិយមផងដែរ។  មជ្ឈមណ្ឌលដាក់ពាក្យសុំទិដ្ឋាការរបស់ប្រទេសបារាំង នៅទីក្រុងសៀងហៃត្រូវបានកក់រហូតដល់ដំណាច់ខែមីនា ដោយនៅសល់តែកន្លែងមួយចំនួនទៀតប៉ុណ្ណោះ ខណៈមជ្ឈមណ្ឌលដាក់ពាក្យ សុំទិដ្ឋាការរបស់ប្រទេសបារាំង នៅទីក្រុងក្វាងចូវ ក៏ត្រូវបានកក់ទុករហូតដល់ពាក់កណ្តាលដល់ចុងខែមីនាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here