ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ប្រទេសកម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារទំនើបលំដាប់ពិភពលោកដំបូងគេ បន្ទាប់ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហការថ្មីមួយ ជាមួយក្រុមហ៊ុនភស្តុភារឈានមុខចំនួនពីរនៅក្នុងតំបន់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិចេញផ្សាយថ្ងៃទី១៦ កុម្ភៈ ២០២៣នេះ។
សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា Cambodia SuperPortTM ឬ មជ្ឈមណ្ឌលភស្តុភារភ្នំពេញ (PPLC) នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន PPLC Support and Industrial Co. Ltd. ដែលជាការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនភស្តុភារឈានមុខគេនៅអាស៊ី YCH Group និងក្រុមហ៊ុនផ្តល់សេវាកម្មភស្តុភារធំជាងគេរបស់កម្ពុជាWorldBridge Group ។
IFC ឱ្យដឹងថា ទីតាំងយុទ្ធសាស្ត្ររបស់ SuperPortTM នៅរាជធានីភ្នំពេញ ជាចំណុចកណ្តាលនៃប្រទេស និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការតភ្ជាប់ទៅកាន់គ្រប់មធ្យោបាយ នៃការដឹកជញ្ជូន នឹងអាចឱ្យ SuperPortTM ក្លាយជាកន្លែងដឹកជញ្ជូនពហុ ទម្រង់ពេញលេញដំបូងបង្អស់របស់ប្រទេសកម្ពុជា។
សេចក្តីប្រកាសព៌តមានបានបញ្ជាក់ថា “ដោយសារប្រទេសកម្ពុជាស្ថិតនៅចំកណ្តាល នៃមហាអនុតំបន់មេគង្គSuperPortTM អាចដើរតួជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារក្នុងតំបន់ ដែលរួមចំណែកដល់ការផ្លាស់ប្តូរផ្លូវពាណិជ្ជកម្មតាមប្រទេសកម្ពុជា។ ការណ៍នេះ នឹងជួយកាត់បន្ថយការចំណាយលើផ្នែកភស្តុភារទាំងមូល ការកែលម្អប្រសិទ្ធភាពច្រវ៉ាក់ផ្គត់ផ្គង់ ដើម្បីធ្វើសមាហរណកម្មក្នុងតំបន់ និងជំរុញការប្រកួតប្រជែងរបស់កម្ពុជា”។
លោកRobert Yap ប្រធានប្រតិបត្តិនៃក្រុមហ៊ុនYCH Group ឱ្យដឹងថា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមSGConnect និងគម្រោងទីពីររបស់ខ្លួន Cambodia SuperPortTM នឹងលើកកម្ពស់ភាពប្រកួតប្រជែង និងភាពទាក់ទាញរបស់កម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពហុទម្រង់លំដាប់ពិភពលោក ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច។
លោកបន្តថា យើងមានទំនុកចិត្តថា Cambodia SuperPortTM នឹងក្លាយជាកម្លាំង ចលករដ៏សំខាន់មួយ ក្នុងការជំរុញច្រវ៉ាក់ផ្គត់ផ្គង់ និងការតភ្ជាប់ភស្តុភារសម្រាប់អាស៊ាន និងក្រៅពីអាស៊ាន ជាមួយនឹងការប្រើប្រាស់បច្ចេកវិជ្ជាទំនើប និងដំណើរការល្អបំផុត ដើម្បីកែលម្អថ្លៃដើមនៃភស្តុភារ និងពេលវេលាទៅកាន់ទីផ្សារ ក៏ដូចជា ការអភិវឌ្ឍទេពកោសល្យក្នុងស្រុក ដើម្បីលើកកំពស់ស្តង់ដារ សម្រាប់ឧស្សាហកម្មភស្តុភារក្នុងប្រទេសកម្ពុជា” នេះជាប្រសាសន៍របស់លោកRobert Yap ប្រធានប្រតិបត្តិនៃក្រុមហ៊ុន YCH Group និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច អាស៊ានរបស់ប្រទេសសិង្ហបុរី។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុនWorldBridge Group មានប្រសាសន៍ថា គ្រឿងបរិក្ខារនេះ នឹងក្លាយជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់គ្រឿងបរិក្ខារសម្រាប់ការផលិតជំនាន់ក្រោយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងក្រុមហ៊ុន YCH Group ដឹកនាំគម្រោងនេះ យើងមានទំនុកចិត្តថាសមត្ថភាពរបស់ Cambodia SuperPortTM ជាមជ្ឈមណ្ឌលផលិតកម្ម ដែលមានតម្លៃបន្ថែមផ្នែកដឹកជញ្ជូន នឹងលើកកំពស់ជំហររបស់ប្រទេសកម្ពុជា នៅក្នុងតំបន់ ហើយនឹងរួមចំណែកយ៉ាងសំខាន់ ដល់សេដ្ឋកិច្ចកម្ពុជា ។
ភស្តុភារគឺជាវិស័យសំខាន់មួយសម្រាប់កម្ពុជា ក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ 2050។ ខណៈដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជា កំពុងបង្កើតផែនការមេសម្រាប់ការតភ្ជាប់ពហុមធ្យោបាយ និងភស្តុភារ។
គម្រោងនឹងគាំទ្ររដ្ឋាភិបាល ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ និងលើកកម្ពស់ការតភ្ជាប់បណ្តាញភស្តុភារ និងការផ្គត់ផ្គង់របស់ប្រទេស។
លោក Riccardo Puliti អនុប្រធានIFC ប្រចាំតំបន់់អាស៊ីនិងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ការអភិវឌ្ឍកំពង់ផែទំនើបលំដាប់ពិភពលោកតម្លៃរាប់លានដុល្លារ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកសេដ្ឋកិច្ចកម្ពុជា និងជំរុញការតភ្ជាប់នៅទូទាំងអាស៊ីអាគ្នេយ៍ ដោយផ្តល់នូវច្រវ៉ាក់ផ្គត់ផ្គង់កាន់តែលឿន និងមានប្រសិទ្ធភាពក្នុងតំបន់ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ។
អនុប្រធាន IFC ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករូបនេះថ្លែងថា ភស្តុភារគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំពង់ផែទំនើបនេះ ក៏នឹងគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃពាណិជ្ជកម្មអេឡិចត្រូនិក ហើយIFC នឹងធ្វើការជាមួយដៃគូរបស់ខ្លួន ដើម្បីលើកកម្ពស់ការផលិត ដែលមានតម្លៃខ្ពស់នៅក្នុងតំបន់ ខណៈពេលដែលពង្រីកសមាហរណកម្មរបស់ខ្លួន ទៅក្នុងច្រវ៉ាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មពិភពលោក៕