ដោយៈ ច្រាយ ចំណាន
សៀមរាបៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកសុខ សង្វារបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការត្រៀមទទួលទេសចរចិន (China Ready) និងមានការចូលរួមពីតំណាងអាជ្ញាធរជាតិអប្សរា តំណាងគ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ខេត្តសៀមរាប និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចជា ទី១.ដើម្បីផ្សព្វផ្សាយការត្រៀម ទទួលទេសចរចិនមកខេត្តសៀមរាប នៅដើមខែមីនា ឆ្នាំ២០២៣ ទី២ ជំរុញប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាបដែលទទួលទីផ្សារចិន ពង្រឹងសេវាកម្មទេសចរណ៍ទទួលភ្ញៀវចិន តាមរយៈការស្នើសុំការវាយតម្លៃបញ្ជាក់ កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន ទី៣ ដើ ម្បីប្រមូលបញ្ហាប្រឈមនានា របស់ប្រតិបត្តិករទទួលទីផ្សារចិន ក្នុងខេត្តសៀមរាប។
ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិ ពី ៣-៤លាននាក់ ដែលមានទេសចរចិនពី៨០ម៉ឺន ទៅ១លាននាក់ ក្នុងនោះប្រមាណជិត៣០% នៃទេសចរចិននឹងរំពឹងថា មកទស្សនាខេត្តសៀមរាប ខណៈដែលឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរចិន តែ១៨,៧៦៣នាក់ កើនឡើង២៣៧.១៦% ធៀបនឹងឆ្នាំ២០២១ ដែលឈរនៅលំដាប់ទីផ្សារអាទិភាពទី៤ ក្នុងខេត្តសៀមរាប។
លោកសុខ សង្វារបានបញ្ជាក់ថា ក្រោយប្រទេសចិនប្រកាសបើកប្រទេសកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣មក កម្ពុជាបន្តទទួលជើងហោះហើរត្រង់ជាបន្តបន្ទាប់ ពីគោលដៅប្រទេសចិនចូលមកកាន់កម្ពុជា ពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ដោយឡែកខេត្តសៀមរាបពុំទាន់មានជើងហោះហើរត្រង់ពីប្រទេសចិននៅឡើយ។
លោកបន្តថា ប៉ុន្តែចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ តទៅ អាចរំពឹងថានឹងមានជើងហោះហើរ ត្រង់ចូលមកខេត្តសៀមរាបជាបន្តបន្ទាប់ ដែលកិច្ចការទំាងនេះ ទាមទារឱ្យប្រតិបត្តិករទេសចរណ៍ ទទួលទីផ្សារចិនទំាងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីពង្រឹងគុណភាពសេវាឱ្យស្របតាមតម្រូវការរបស់ទេសចរចិន និងការកំណត់នានាដែលមានចែង ក្នុងសៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា ដែលបានដាក់ឱ្យអនុវត្តដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។

លោកក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរ អំពីដំណឹងថ្មីបំផុតដែលទទួលបានពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីការអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាល ក្នុងការបញ្ចុះតម្លៃតេស្តPCR សម្រាប់ទេសចរចិនមក១៣០$ មកត្រឹម៥០$វិញ។
ទន្ទឹមនឹងនោះក្រសួងទេសចរណ៍ នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្កើនភាពទាក់ទាញទេសចរចិន មកកម្សាន្តគោលដៅ ទេសចរណ៍វប្បធម៌ខេត្តសៀមរាបឱ្យបានច្រើន៕