រយៈពេល៥ឆ្នាំខេត្តប៉ៃលិនទទួលបានគម្រោងអភិវឌ្ឍន៍២៨១គម្រោង

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ប៉ៃលិនជាខេត្តមួយជាប់ព្រំដែនកម្ពុជាថៃ និងជាខេត្តដែលមានសក្ដានុពលទៅលើធនធានរ៉ែ និងកសិកម្ម។

ក្នុងរយៈ៥ឆ្នាំកន្លងទៅនេះ ខេត្តប៉ៃលិនទទួលបានគម្រោងអភិវឌ្ឍន៍ចំនួន២៨១គម្រោង ទាំងគម្រោងសាធារណៈ និងឯជន។ នេះបើតាមប្រសាសន៍លោកស្រីបាន ស្រីមុំអភិបាលខេត្តប៉ៃលិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៣ កុម្ភៈ ២០២៣។

លោកស្រីបានមានប្រសាសន៍ថា ក្នុងចំណោមគម្រោងទាង២៨១គម្រោងនោះ មានគម្រោងចំនួន១៥៩គម្រោង បានអភិវឌ្ឍន៍រួចហើយ ចំណែ​កគម្រោង ដែលមិនបានអភិវឌ្ឍន៍ ដោយសារតែជួបវិបត្តិកូវិដ១៩។ លោកស្រីថា “សម្រាប់គម្រោងដែលមិនទាន់បានអភិវឌ្ឍន៍ នឹងចាប់ផ្ដើមរៀបចំការអភិវឌ្ឍឡើងវិញក្នុងឆ្នាំ ២០២៣នេះ” ។

លោកស្រីបាន ស្រីមុំបានបន្តថា ខេត្តប៉ៃលិនក៏ជាច្រកធ្វើពាណិជ្ជកម្មដ៏សំខាន់មួយផងដែរជាមួយប្រទេសថៃ ដោយកម្ពុជានាំចេញកសិផលទៅកាន់ប្រទេសថៃ ហើយថៃ ក៏បាននាំចូលមកកម្ពុជាវិញ នូវទំនិញប្រើប្រាស់នានា ដែលធ្វើឱ្យសកម្មភាពនៃការដោះដូរពាណិជ្ជកម្ម នៅព្រំដែនមានភាពមមាញឹក ។

លោកហេង តុងហៃ ប្រធានសាខានៃក្រុមហ៊ុនCentury 21 Zillion Holding ប្រចាំខេត្តប៉ៃលិនបានមានប្រសាសន៍ថា ដោយសារតែខេត្តនេះមានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ធ្វើឱ្យតម្លៃដីធ្លីនៅតំបន់សក្ដានុពលបានកើនឡើងជាបន្តបន្ទាប់ តែសម្រាប់ដីកសិកម្ម ក៏ឃើញថានៅមានតម្លៃទាបដែលអាចឱ្យអ្នកវិនិយោគដីធ្លីទិញ ដើម្បីទុកចំណេញនៅពេលអនាគត ផងដែរ។

លោកបន្តថា នៅក្នុងខេត្តប៉ៃលិនទាំងមូល មានបែងចែកដី សម្រាប់ពាណិជ្ជកម្ម ដូចជា តំបន់ជាប់ព្រំដែនសម្រាប់សាងសង់ជាសណ្ឋាគារ កាស៊ីណូ និងភោជនីយដ្ឋាន ដោយឡែកនៅឆ្ងាយពីក្រុង និងឆ្ងាយពីតំបន់ព្រំដែនជាប្រភេទកសិកម្ម។ ដីប្រភេទនេះក៏អាចសាងសង់ជាផ្ទះ លំហែរកាយសម្រា​ប់ផ្ដល់ជូនអតិថិជនមកពី តំបន់ផ្សេងៗ និងពីរាជធានីភ្នំពេញជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here