ដោយ: គង់ លាងហួរ
សិង្ហបុរី: ក្រុមហ៊ុនគ្រប់គ្រងផលប័ត្រអចលនទ្រព្យ CapitaLand Investment ដែលគាំទ្រដោយរដ្ឋាភិបាលសិង្ហបុរី បានបញ្ចេញមូលនិធិចំនួន២ ដែលមានតម្លៃ១,១ពាន់លានដុល្លារ ដោយមើលឃើញពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំង នៃទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន។
មូលនិធិមួយក្នុងចំណោមមូលនិធិទាំង២ នឹងវិនិយោគលើអគារការិយាល័យ និងអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសចិន ដោយផ្តោតលើអចលនទ្រព្យ ដែលត្រូវបានបោះបង់ចោល ដោយក្រុមហ៊ុនដែលជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។
មូលនិធិនេះ បានទាក់ទាញដើមទុន៨០ភាគរយ ពីវិនិយោគិនស្ថាប័នលំដាប់ថ្នាក់ពិភពលោក ដោយដើមទុននៅសល់ បានមកពីថវិកាផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន CapitaLand ។
គោលដៅពីរដំបូងគេរបស់ក្រុមហ៊ុន CapitaLand Investment គឺការអភិវឌ្ឍការិយាល័យ និងការលក់រាយក្នុងទីក្រុងប៉េកាំង និងមជ្ឈមណ្ឌលភស្តុភារក្នុងខេត្ត Guangdong។
ក្រុមហ៊ុន CapitaLand ក៏ធ្លាប់បានប្រកាសពីការចាប់ផ្តើមមូលនិធិមួយទៀត ដែលវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យរបស់ចិនផងដែរ។ ភាគហ៊ុនសរុប ដែលបានវិនិយោគមានចំនួន៥៣០លានដុល្លារសិង្ហបុរី ដែល៨០ភាគរយបានមកពីវិនិយោគិនស្ថាប័នអន្តរជាតិ។ មូលនិធិនេះ នឹងវិនិយោគ ទៅក្នុងមជ្ឈមណ្ឌលទិន្នន័យថ្មីចំនួន២ នៅជិតទីក្រុងប៉េកាំង ដែលនឹងបញ្ចប់នៅឆ្នាំ២០២៥។
លោក Paul Tham ប្រធានផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន CapitaLand បាននិយាយថា “ការបង្កើតមូលនិធិទាំងនោះបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកវិនិយោគអន្តរជាតិជាថ្មីម្តងទៀត”៕
