ការមកដល់នៃភ្ញៀវទេសចរបរទេសចូលមកកម្ពុជានឹងជំរុញកំណើន ទីផ្សារខុនដូឡើងវិញ

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងពីការកើនឡើងវិញនៃភ្ញៀវទេសចរបរទេស ជាពិសេសប្រទេសចិន ក្រោយពីស្ថានភាពកូវីដ១៩នៅតាមបណ្ដាប្រទេសនានាចាប់ផ្ដើមប្រសើរឡើងវិញ។

ការមកដល់នៃភ្ញៀវទេសចរបរទេស នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបានរំពឹងថានឹងជំរុញឱ្យទីផ្សារខុនដូ ចាប់ផ្ដើមមានកំណើនឡើងវិញផងដែរ។

ថ្លែងនៅក្នុងពិធីអបអរសាទរទិវាជាតិ ទីក្រុងស្អាតកាលពីថ្ងៃទី២៧ កុម្ភៈ ២០២៣ នាសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៣កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិប្រមាណ៤លាននាក់ និងភ្ញៀវក្នុងស្រុកប្រមាណ១៥លាននាក់។

សម្តេចបន្តថា “ឆ្នាំ២០២៣នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិកា​រណ៍ប្រកួតកីឡាស៊ីហ្គេម ដូច្នេះភ្ញៀវទេសចរបរទេសជាច្រើន នឹងមកកម្ពុជាដើម្បីទស្សនាការប្រកួត ក៏ដូចជាកីឡាករ កីឡាការនីនិងប្រតិភូរបស់ពួកគេមកចូលរួមផងដែរ”។

ជាមួយគ្នានេះ លោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia បានមានប្រសាសន៍ផងដែរថា បើសិនជាភ្ញៀវទេសចរអន្តរជាតិ មកដល់កម្ពុជាមានចំនួនដល់៤លាននាក់ នឹងជំរុញឱ្យវិស័យទេសចរណ៍កម្ពុជាមានសន្ទុះកើនឡើងវិញ ហើយនៅពេលទេសចរណ៍បានកើនឡើងវិញ នោះនឹងធ្វើឱ្យទីផ្សារ នៃវិស័យមួយចំនួនទៀតបានប្រសើរដូចគ្នា។

លោកបន្តថា “ថ្មីៗនេះក្រោយពីប្រទេសចិន បានបើកប្រទេសឡើងវិញកាលពីអំលុងខែមករា ២០២៣យើងឃើញថា ជើងហោះហើរមកពីប្រទេសចិន ចាប់ផ្ដើមចុះចតនៅព្រលានយន្តហោះកម្ពុជាជាបន្តបន្ទាប់ ដូច្នេះវាជាសញ្ញាល្អប្រសើរសម្រាប់កម្ពុជា”។ លោកបន្តថា “ក្នុងចំណោមភ្ញៀវទេសចរដែលមកដលកម្ពុជាមានទាំងភ្ញៀវទេសចរ និង អ្នកវិនិយោគ ហើយអ្នកវិនិយោគជនជាតិចិន នៅកម្ពុជាប្រទេសគឺអចលនទ្រព្យ និងជាពិសេសគឺខុនដូតែម្ដង”។

លោកបន្ថែមថា ច្បាប់វិនិយោគក្នុងប្រទេសកម្ពុជា មិនទាន់អនុញ្ញាត  ឱ្យជនបរទេសទិញផ្ទះ ជាន់ផ្ទាល់ដីបាននៅឡើយទេ។ ដូច្នេះវិនិយោគិនដែលមកដល់កម្ពុជាភាគច្រើន គាត់ទិញខុនដូដើម្បីស្នាក់នៅ ដូចជាជនជាតិចិន កូរ៉េ ជប៉ុន និងប្រទេសផ្សេងទៀតជាដើម ។

លោកខន គង្គាបានបន្តថា “នៅពេលជនបរទេស កាន់តែច្រើនចូលមកកម្ពុជានោះ នឹងធ្វើឱ្យទីផ្សារខុនដូមានសកម្មភាពឡើងវិញ ជាក់ជាមិនខាន”។

ជាមួយគ្នានេះ លោកស៊ុន មេសា នាយកផ្នែកវិនិយោគខុនដូនៃក្រុមហ៊ុនCentury 21 Mekong ក៏បានឱ្យដឹងផងដែរថា លោករំពឹងខ្ពស់ពីការងើបឡើវិញនៃទីផ្សារខុនដូ ក្រោយជនបរទេសកាន់តែច្រើន ចូលមកកម្ពុជានិងការរំពឹងរបស់រាជរដ្ឋាភិបាល ចំពោះភ្ញៀវទេសចរបរទេស ក្នុងឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here