ដោយ៖ រ៉ាវី
ភ្នំពេញ៖ ការក្លាយជាភ្នាក់ងារអចលនទ្រព្យមួយរូប មិនពិបាកទេ តែដើម្បីក្លាយជាអ្នកទទួលបានជោគជ័យ គឺមិនមែនជារឿងសាមញ្ញពេកនោះទេ ប៉ុន្តែការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មានទំនាក់ទំនងល្អ និតអាកប្បកិរិយាល្អជារឿងមិនអាចខ្វះបាន។
គេហទំព័រ Propertyarea.asia សូមលើកយកចំណុចសំខាន់ៗចំនួន៤ ដែល ភ្នាក់ងារអចលនទ្រព្យត្រូវមាន មុននឹងសម្រេចចិត្តចូលប្រឡូកក្នុងវិស័យនេះ។
-->

យោងតាមឯកសារបរទេសបានឲ្យដឹងថា ការមានភាពស្មោះត្រង់ មានការទទួលខុសត្រូវ បង្កើតបណ្តាញការងារពិតជាមានសារៈសំខាន់ ដើម្បីកំណត់ភាពជោគជ័យក្នុងការងាររបស់ខ្លួន។
ការទទួលបានអាជ្ញាប័ណ្ណ
ការបង្កើតជំនួញមួយ មិនមែនចេះតែធ្វើនោះទេ តែត្រូវមានក្រុមហ៊ុនមួយ
ដែលត្រូវមានអាជ្ញាប័ណ្ណច្បាស់លាស់ ព្រោះអាជ្ញាប័ណ្ណមានសារៈសំខាន់ណាស់ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន និងក្រុមហ៊ុនដៃគូរបស់ខ្លួន។ លើសពីនេះ ក្រុមហ៊ុនភ្នាក់ងារនេះ ត្រូវរៀបចំខ្លួនសម្រាប់ការប្រឡងទាក់ទងនឹងវិស័យអចលនទ្រព្យ។
ការបង្កើតក្រុម
បើចង់ទៅលឿន ត្រូវដើរម្នាក់ឯង តែបើចង់ទៅមុខដោយជោគជ័យនិងប្រកបដោយនិរន្តរភាព ត្រូវធ្វើជាក្រុម។ ការងារជាក្រុម និងការបង្កើតបណ្តាញជំនួញជាការងារមួយ ដែលមិនអាចមើលរំលងបាន ដើម្បីពង្រីកការផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន និងអាចរួមចំណែកជួយគ្នាទៅវិញទៅមកនៅក្នុងក្រុម។
ដោយសារសេដ្ឋកិច្ចបានឈានដល់បដិវត្តន៍បច្ចេកវិទ្យា ដែលជាដំណាក់កាលទី៤ នៃសេដ្ឋកិច្ច ការបង្កើតបណ្តាញផ្សព្វផ្សាយពីក្រុមហ៊ុន ពីផលិតផលរបស់ខ្លួនតាមរយៈបច្ចេកវិទ្យា ជារឿងដែលមិនអាចធ្វើមិនដឹងមិនលឺឡើយ។ បច្ចុប្បន្នបច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យជំនួញ ព្រោះបច្ចេកវិទ្យា កំពុងមានការពេញនិយមនៅលើពិភពលោក។
ហេតុនេះការមានវេបយសាយ ឬគេហទំព័រផ្ទាល់ខ្លួន ដើម្បីពង្រីកការផ្សព្វផ្សាយផលិតផលរបស់ខ្លួន ពិតជាមានសារៈសំខាន់មិនអាចខ្វះបានក្នុងការឆ្ពោះទៅមុខ។
ធ្វើទីផ្សារដោយខ្លួនឯង
គ្មានអ្នកណាធ្វើទីផ្សារជំនួសយើងបាននោះទេ ទីផ្សារនៅទីនេះសំដៅលើការបង្កើនកិត្យានុភាពរបស់ក្រុមហ៊ុន ឬធ្វើឲ្យក្រុមហ៊ុនរបស់យើងមានការទទួលស្គាល់ទូលំទូលាយក្នុងស្រទាប់មហាជន និងអតិថិជនគោលដៅ។
ហេតុនេះម្ចាស់ក្រុមហ៊ុន ភ្នាក់ងារអចលនវត្ថុឬក្រុមហ៊ុនជំនួញផ្សេងទៀត ត្រូវ បង្កើតកាលវិភាគសម្រាប់ការស្វែងរកព័ត៌មាននិងអតិថិជន ចូលរួមជួយដល់ការងារក្នុងសហគមន៍។ រក្សាទំនាក់ទំនងល្អជាមួយអតិថិជនចាស់ ព្រោះ75ភាគរយនៃអាជីវកម្មសម្រាប់ក្រុមហ៊ុនទិញ លក់អចលនទ្រព្យជាទូទៅបានមកពីការណែនាំតៗគ្នា។
ក្នុងនាមជាអ្នកលក់អចលនទ្រព្យ ការលក់ខ្លួនឯងបានសម្រេចគឺជារឿងសំខាន់បំផុត។
ធ្វើជាអ្នកសិក្សាពេញមួយជីវិត
មនុស្សជោគជ័យ មិនដែលបញ្ចប់ការសិក្សានោះឡើយ ព្រោះការបញ្ចប់ការសិក្សាមានន័យថា ធ្វើឲ្យខ្លួនឯងក្រេសក្រិន លែងចង់ដើរទៅមុខទៀត ហេតុនេះ អ្វីដែលត្រូវធ្វើគឺហ៊ុំព័ទ្ធខ្លួនអ្នកជាមួយអ្នកនៅក្នុងវិស័យនេះ។ ការធ្វើការជាមួយមនុស្ស នៅក្នុងវិស័យអចលនទ្រព្យ ផ្ដល់ឱ្យអ្នកនូវបណ្តាញនៃអ្នកជំនាញដើម្បីស្វែងរកអចលនទ្រព្យបានល្អ។

ការសិក្សាដើម្បីពង្រីកចំណេះដឹងរបស់ខ្លួន យើងអាចចូលរួមក្នុងសិក្ខាសាលា។ ចូលសង្កេតនិន្នាការទីផ្សារ និងភាពជាអ្នកជិតខាង: ទីផ្សារអចលនទ្រព្យត្រូវបានផ្លាស់ប្តូរជានិច្ច។ ត្រូវដឹងពីកត្តាដែលប៉ះពាល់ដល់តម្លៃ និងកាលបរិច្ឆេទក្នុងតំបន់របស់អ្នក៕