ដោយៈ វុទ្ឋី
ភ្នំពេញៈ លោកស្រី នួន សុន្ទរី ហៅ ស្រីអូន អគ្គនាយិកា ក្រុមហ៊ុន សម្រស់ធម្មជាតិ និងលោកឧកញ៉ាឈាង រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី បាននាំយកអំណោយរួមមាន គ្រឿងឧបភោគ បរិភោគ និងសម្ភារសិក្សា ចែកជូនបងប្អូន និងក្មេងៗ រស់នៅតំបន់គំនរសំរាមស្ទឹងមានជ័យ។
អំណោយដែលបានចែកជូនកាលពីចុងសប្តាហ៍មុន រួមមាន សរុបចំនួន ៣៩០កញ្ចប់ ដោយបែងចែក សម្រាប់១៧០គ្រួសារ និង២២០កញ្ចប់សម្រាប់ក្មេងៗ។
-->

ការចែកគ្រឿងឧបភោគ បរិភោគ និងសម្ភារសិក្សាទាំងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយសម្រួលដល់កម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ ដែលកំពុងខ្វះខាត ជាពិសេស ចូលរួមចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមនាឱកាសទិវានារីអន្តរជាតិខាងមុខនេះ។ ម្យ៉ាងវិញទៀត វាគឺជាការជារួមចំណែកដ៏មានសារៈសំខាន់ក្នុងការលើកទឹកចិត្ត និងជួយជំរុញដល់ក្មេងៗទាំងនោះ ឲ្យមានសម្ភារសិក្សាគ្រប់គ្រាន់ និងផ្តល់ឱកាសឲ្យពួកគេទទួលបានការអប់រំគ្រប់ៗគ្នា។

គ្រួសារនីមួយៗទទួលបាន គ្រឿងឧបភោគ បរិភោគ មួយចំនួនដូចជា អង្ករ ត្រីខ ទឹកស៊ីអៀវ និងមី ចំណែកកុមាតូចក្នុងម្នាក់ៗ ទទួលបានសម្ភារសិក្សា ខ្មៅដៃ ប៊ិច ជ័រលុប និងទឹកដោះគោជាដើម។
អ្នកនាង ស្រីអូន និងស្វាមី តែងតែធ្វើសកម្មភាពសប្បុរសធម៌ជាច្រើនជួយដល់សង្គម និងប្រជាពលរដ្ឋដែលជួបប្រទះ ក្នុងជីវភាពខ្វះខាតមួយចំនួនតាមគ្រប់រូបភាព៕