កម្ពុជា រកចំណូលបាន១,៤១ពាន់លានដុល្លារអាមេរិក ពីវិស័យទេសចរណ៍ក្នុងឆ្នាំ២០២២

0

សុខុម

ភ្នំពេញ: កម្ពុជា រកប្រាក់ចំណូលបានសរុបចំនួន១,៤១ពាន់លានដុល្លារអាមេរិក ពីវិស័យទេសចរណ៍ក្នុងឆ្នាំ២០២២ ដោយកើនឡើងរហូតដល់ទៅ៦៦៩%បើធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលចេញផ្សាយកាលពីថ្ងៃសុក្រ ទី១០ ខែមីនា។

របាយការណ៍ដដែលបង្ហាញថា កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន២,២៨លាននាក់កាលពីឆ្នាំមុន ដោយកើនឡើងរហូតដល់ទៅ១.០៥៨%បើធៀបនឹងឆ្នាំ២០២១។

របាយការណ៍នេះបង្ហាញថា “ឧស្សាហកម្មទេសចរណ៍បានរួមចំណែក៣,៦%នៃផលទុនជាតិសរុប (GDP) របស់កម្ពុជា កាលពីឆ្នាំមុន”។

របាយការណ៍នេះបានធ្វើការកត់សម្គាល់ថា ជាមធ្យមភ្ញៀវទេសចរម្នាក់បានស្នាក់នៅក្នុងប្រទេសកម្ពុជា ២យប់៣ថ្ងៃ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា កម្ពុជា រំពឹងថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានចំនួន៤លាននាក់នៅឆ្នាំ២០២៣ នេះ។ ឯកឧត្ដមបានបន្ថែមទៀតថា “ឆ្នាំនេះយើងសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរចិន ចន្លោះពី៨០ម៉ឺននាក់ទៅ១លាននាក់”។

វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៤ ដែលជួយទ្រទ្រង់សេដ្ឋកិច្ចរបស់កម្ពុជា។

កម្ពុជា មានតំបន់បេតិកភណ្ឌពិភពលោកចំនួន៣គឺ ឧទ្យានបុរាណវិទ្យាអង្គរ នៅខេត្តសៀមរាប ប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ និងតំបន់បុរាណវិទ្យាសម្បូរព្រៃគុក នៅខេត្តកំពង់ធំ។

ក្រៅពីនេះ កម្ពុជា ក៏មានឆ្នេរដ៏ស្រស់ស្អាតដែលលាតសន្ធឹងប្រវែងរហូតដល់ទៅ៤៥០គីឡូម៉ែត្រនៅក្នុងខេត្តចំនួន៤ ផងដែរ គឺខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here