សុខុម
វៀងចន្ទន៍: ក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសឡាវ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មើរជើងរហូតដល់ទៅ៥ទីតាំងក្នុងរដ្ឋធានីវៀងច័ន្ទន៍ ប៉ុន្តែរហូតមកទល់ពេលនេះមានតែគម្រោងស្ពានអាកាសថ្មើរជើង១ប៉ុណ្ណោះដែលត្រូវបានអនុម័ត។
លោក Siphan Manivong អនុប្រធាននាយកដ្ឋានគ្រប់គ្រងការដឹកជញ្ជូនតាមយានយន្តនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្តល់បទសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនដែលក្នុងនោះលោកបានជជែកពិភាក្សាអំពីការសាងសង់ស្ពានអាកាសថ្មើរជើងកាត់ពីលើផ្លូវ Kaysone Phomvihane ស្ថិតក្នុងសង្កាត់ Saysettha។
មន្ត្រីដដែលបានគូសបញ្ជាក់ថា ការសាងសង់បានចាប់ផ្តើមកាលពីថ្ងៃពុធ សប្ដាហ៍មុន ហើយអាជ្ញាធរបានបិទផ្លូវជុំវិញការដ្ឋានសាងសង់រួចហើយ។ លោកបានបន្ថែមថា ការសាងសង់នឹងប្រើពេលប្រហែល៤ខែដើម្បីបញ្ចប់ជាស្ថាពរ។
ទោះជាយ៉ាងណា លោកបានទម្លាយឱ្យដឹងថា ផែនការជាក់ស្តែងគឺត្រូវសាងសង់ស្ពានអាកាសថ្មើរជើងពី៤ទៅ៥ទីតាំងនៅទូទាំងរដ្ឋធានីវៀងចន្ទន៍ ប៉ុន្តែគម្រោងស្ពានភាគច្រើនកំពុងរង់ចាំការអនុម័តពីរដ្ឋាភិបាលនៅឡើយ។
លោក Siphan Manivong បានលើកឡើងថា ស្ពានអាកាសថ្មើរជើងដែលនៅសេសសល់គ្រោងនឹងសាងសង់នៅជិតតំបន់ជិតសកលវិទ្យាល័យជាតិឡាវ (National University of Laos) មន្ទីរពេទ្យមហោសថ (Mahosot Hospital) សណ្ឋាគារ Luk 2 Hotel និងទល់មុខមន្ទីរហិរញ្ញវត្ថុក្រុងវៀងចន្ទន៍។
លោកបានបន្តថា ដើម្បីសាងសង់ស្ពានអាកាសថ្មើរជើងផ្សេងៗទៀត រដ្ឋាភិបាលត្រូវធ្វើការសិក្សាឱ្យបានល្អិតល្អន់ជាមុនសិនដើម្បីកំណត់ថា តើតំបន់ដែលគ្រោងទុកទាំងនោះស័ក្តិសមនឹងការសាងសង់ដែរឬអត់។

លើសពីនេះ លោកក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ដោយណែនាំឱ្យពួកគេមានការប្រុងប្រយ័ត្នខ្ពស់ផងដែរនៅពេលបើកបរជិតការដ្ឋានស្ថាបនាផ្លូវ Kaisone Phomvihane ដើម្បីកុំឱ្យបង្កការរាំងស្ទះដល់ការងារស្ថាបនាផ្លូវ៕ Laotian Times៕