ក្រសួងសេដ្ឋកិច្ចៈប្រទេសកម្ពុជានៅតែស្ថិតក្នុងកម្រិតហានិភ័យទាបនៃវិបត្តិបំណុល

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: បំណុលសាធារណៈរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា អាចគ្រប់គ្រងបានជាមួយនឹងហានិភ័យទាប ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេស បានរងផលប៉ះពាល់ដោយជំងឺរាតត្បាត និងកត្តាខាងក្រៅផ្សេងទៀតយ៉ាងណាក្តី។

គិតត្រឹមដំណាច់ឆ្នាំ២០២២ រួមទាំងបំណុលចាស់ រដ្ឋាភិបាលកម្ពុជាមានបំណុលសាធារណៈ មានចំនួនសរុបចំនួន៩,៩៩ពាន់លានដុល្លារ ក្នុងនោះ៩៩,៨២ភាគរយ ឬ៩,៩៧ពាន់លានដុល្លារជាបំណុលសាធារណៈពីដៃគូអភិវឌ្ឍន៍ទ្វេរភាគី និងដៃគូអភិវឌ្ឍន៍ពហុភាគី ហើយ១៧,៥១លានដុល្លារទៀតគឺជាបំណុលក្នុងស្រុក។ នេះ​បើ​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់កម្ពុជា។

យោងតាមស្ថិតិ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា កម្ពុជាបានចុះហត្ថលេខាខ្ចីប្រាក់ចំនួន៤.០០១លានដុល្លារពីប្រទេសចិន ។ចំនួន១.០៧៧ លានដុល្លារពីប្រទេសជប៉ុន ចំនួន៤៨២លានដុល្លារពីសាធារណរដ្ឋកូរ៉េ។ ៤៧៣លានដុល្លារពីប្រទេសបារាំង និង២៨លានដុល្លារពីប្រទេសថៃ។

ទាក់ទងនឹងកម្ចីពីទីភ្នាក់ងារពហុភាគី កម្ពុជាបានខ្ចីប្រាក់ចំនួន២.០៥០លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី ៩៣៣លានដុល្លារពីធនាគារពិភពលោក ១២៩លានដុល្លារពីមូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម ៨៤លានដុល្លារពីធនាគារវិនិយោគអឺរ៉ុប ២លានដុល្លារពីមូលនិធិ OPEC សម្រាប់ការអភិវឌ្ឍអន្តរជាតិ ៧,៩លានដុល្លារពីមូលនិធិអភិវឌ្ឍន៍ Nordic និង៦,៦លានដុល្លារពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។

ប្រាក់កម្ចីទាំងអស់នេះ មានសម្បទានខ្ពស់ជាមួយនឹងធាតុអំណោយជាមធ្យមប្រហែល៤១ភាគរយ ដោយគោលបំណងនៃប្រាក់កម្ចី គឺដើម្បីផ្តល់ហិរញ្ញប្បទាន ដល់គម្រោងវិនិយោគសាធារណៈនៅក្នុងវិស័យអាទិភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកប​ដោយនិរន្តរភាពរយៈពេលវែង និងបង្កើនផលិតភាព។

ទោះបីជារងផលប៉ះពាល់ដោយវិបត្តិកូវីដ និងកត្តាខាងក្រៅផ្សេងទៀតយ៉ាងណាក្តី ក៏ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានៅតែបន្ត “និរន្តរភាព” និង “ហានិភ័យទាប” នៃវិបត្តិបំណុល។

សូចនាករបំណុលសំខាន់ៗទាំងអស់ ក្នុងឆ្នាំ២០២២ គឺស្ថិតនៅក្រោមកម្រិតកំណត់។ សូចនាករបំណុលសំខាន់ដូចជា តម្លៃបច្ចុប្បន្ននៃបំណុលខាងក្រៅធៀបនឹង GDP គឺស្ថិតនៅត្រឹម២៤,៩ភាគរយបើប្រៀបធៀបទៅនឹងកម្រិតកំណត់៤០ភាគរយ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា “ការរក្សាបាននូវបំណុលសាធារណៈប្រកបដោយនិរន្តរភាព ដោយសារតែប្រទេសកម្ពុជាមានប្រព័ន្ធបំណុលសាធារណៈដ៏រ៉ឹងមាំ តាមរយៈកំណែទម្រង់ដ៏មុតស្រួចជាបន្តបន្ទាប់”។

លោកបានបន្តថា “ការគ្រប់គ្រងបំណុលសាធារណៈបានប្រកប​ដោយនិរន្តរភាព និងប្រកបដោយប្រសិទ្ធភាព បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយមោទនភាព ក្នុងរយៈពេល២ទសវត្សរ៍កន្លងមក ក៏ដូចជាធ្វើឱ្យកម្ពុជាមានលទ្ធភាព ប្រមូលឥណទានសម្បទានបន្ថែមទៀត ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុនៃវិស័យអាទិភាពផងដែរ”។

សម្រាប់ឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងរៃអង្គាសប្រាក់ចំនួន២០០លានដុល្លារពីមូលបត្របំណុល ដែលអាចផ្តល់ប្រាក់ចំណូលដោយផ្ទាល់ និងធានាបាននូវប្រសិទ្ធភាពនៃការវិនិយោគ និងនិរន្តរភាពនៃការគ្រប់គ្រងបំណុល និងថវិកាជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here