អ្នកជំនាញៈទីផ្សារដីធ្លីមានសញ្ញាងើបឡើងវិញនៅរាជធានីភ្នំពេញ ដោយសារអ្នកធុរកិច្ចចិន

0

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ អ្នកជំនាញក្នុងទីផ្សារដីធ្លីបានលើកឡើងថា ទីផ្សារដីធ្លីចាប់ផ្តើមមានសញ្ញាល្អប្រសើរ សម្រាប់ដីនៅក្នុងរាជធានី និងជាយរាជធានីភ្នំពេញ។

លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុនAmatak Property Serviceបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៤ មិនាថា ចំនួនអ្នកស្វែករកដីធ្លីបានកើនឡើង ក្នុងមួយរយៈចុងក្រោយនេះ ពិសេសមានអ្នកវិ​និយោគចិនធំៗ បានស្វែងរកដីនៅទីតាំងល្អៗ សំរាប់អភិវឌ្ឈន៍គំរោងរបស់ពួកគេ។

លោកស្រីបន្តថា “នេះជាសញ្ញា​ប្រសើរ និងវិជ្ជមានសំរាប់ទីផ្សារដីធ្លីនៅរាជធានីភ្នំពេញ ខណៈនៅតាមបណ្តាខេត្ត ហាក់មានសភាពស្ងប់ស្ងាត់នៅឡើយ”។ លោកស្រីបន្តថា “មានម៉ូយរកហូរហែរមិនដាច់ ក្រុមការងាររបស់ខ្ញុំចាប់ផ្តើមរវល់វិញហើយ អ្នករកឱកាសនេះច្រើនទិញទុកចំណេញ”។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារដីធ្លីបាននិងកំពុងបង្ហាញសញ្ញាវិជ្ជមាន នៅរាជធានីភ្នំពេញ ទាំងដីនៅកណ្តាលទីក្រុង និងជាយក្រុងភ្នំពេញ។

អ្នកស្រីបន្តថា “ទីផ្សារកំពុងងើបឡើង ក្នុងសុទិដ្ឋិនិយមជាងមុន សំរាប់តំបន់ជាយក្រុង ប៉ុន្តែដីនៅតាមបណ្តាខេត្តមិនទាន់ងើបឡើងទេ”។ អ្នកស្រីបន្តថា “ដីនៅតាមបណ្តាខេត្ត ត្រូវការពេលវេលាបន្ថែមទៀត ខណៈរាជធានីភ្នំពេញ ជាទីតាំងដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍”។

ចំណែកលោកយឺ វ៉ាន់នី អ្នកជំនាញនិងអភិវឌ្ឍន៍ដីធ្លីមួយរូបនៅ ខេត្តកំពតបានមានប្រសាសន៍ទទួលស្គាល់ថា ស្ថានភាពទីផ្សារដីធ្លីនៅក្រុងកំពត ជាយក្រុង និងតាមបណ្តាស្រុកនានា គ្មានសញ្ញាវិជ្ជមានទេ អ្វីៗស្ថិតក្នុងសភាពទ្រឹងនៅឡើយ។

លោកបន្តថា “ស្ថានភាពមិ​នល្អទេ ការវិនិយោគធំៗលើភ្នំបូកគោ​មិនបានជួយទីផ្សារដីធ្លី នៅក្នុងខេត្តនេះនៅឡើយទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here