ឯកអគ្គរដ្ឋទូតចិនៈ ខ្សែភាពយន្តស្នាមញញឹមកម្ពុជា ជាអំណោយដ៏ថ្លៃថ្លាសម្រាប់ឆ្នាំមិត្តភាពកម្ពុជា ចិន

0

 ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា ខ្សែភាពយន្ត ស្នាមញញឹមកម្ពុជា គឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់ឆ្នាំមិត្តភាពកម្ពុជាចិន។

លោកជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹក​នាំកំពូលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា ចិននាយុគសម័យថ្មី នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ កាន់តែប្រសើរឡើងសម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះ ប៉ុន្តែក៏នឹងដើរតួនាទីកាន់តែធំក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោកផងដែរ។

លោកWang Wentien បានមានប្រសាសន៍បែបនេះ ក្នុងកម្មវិធីសម្ពោធការចាក់បញ្ចាំងភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” ដែលសហការរៀបចំដោយ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធឡើងដោយជោគជ័យនារាជធានីភ្នំពេញ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាង ១០០ នាក់ ជាតំណាងមកពីប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា ក្រុមហ៊ុនសហគ្រាសចិននិង វិទ្យាស្ថានខុងជឺ បានមានវត្តមានចូលរួមក្នុងកម្មវិធីនេះ។

គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បានទស្សនាភាពយន្តឯកសារ“ស្នាមញញឹមកម្ពុជា” និងបានពិភាក្សាអំពីកាលានុវត្តភាពអភិ​​វឌ្ឍន៍ថ្មី ដែលទំនើបកម្មតាមបែបចិន នាំជូនមកប្រទេសកម្ពុជា និងប្រទេសដទៃទៀតលើពិភពលោក។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ក្នុងវិស័យផ្សព្វផ្សាយព័ត៌មានមានប្រវត្តិយូរអង្វែងណាស់មកហើយ ហើយការផ្សព្វផ្សាយខ្សែភា​ព​យន្ត “ស្នាមញញឹមកម្ពុជា” លើកនេះ បានចូលរួមជាកម្លាំងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបន្ថែមអត្ថន័យថ្មី នៅក្នុងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកម្ពុជាចិន ក៏ដូចជា ដើម្បីប្រកៀកស្មាគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្ដង់ដារខ្ពស់ នៅក្នុងយុគសម័យថ្មី។

មហាសន្និបាតសភាទាំងពីរ របស់ប្រទេសចិនទើបតែបញ្ចប់ទៅ ក៏បានគូសវាសគោលដៅថ្មី ក្នុងការជំរុញទំនើបកម្មបែបផែនចិន។

លោកបញ្ជាក់ថា ខ្ញុំពិតជាទន្ទឹងរង់ចាំមើលប្រទេសចិន លើចំណុ​ចចាប់ផ្ដើមថ្មី នៃដំណើរថ្មី អាចចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍កាន់តែច្រើន បន្ថែមទៀតជូនពិភពលោក ជាពិសេសប្រទេសនៅជុំវិញ ដើម្បីចូលរួមកាន់តែច្រើនទៀតក្នុងសន្តិភាព និងវឌ្ឍនភាពនៃមនុស្សជាតិ”។

លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន និងជាអ្នកជំនាញស្រាវជ្រាវ ការអភិវឌ្ឍន៍របស់ប្រទេ​សកម្ពុជា និងប្រទេសចិន បានថ្លែងថា ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ច សង្គម អរិយធម៌ អេកូឡូស៊ី និងវិស័យផ្សេងៗទៀតរបស់ប្រទេសចិន សបញ្ជាក់ឱ្យឃើញថា ទំនើបកម្មតាមបែបផែនចិនគឺជាគំរូ នៃការអភិវឌ្ឍន៍ប្រកបដោយភាពជោគជ័យ។

លោកបន្តថា “វាបានពង្រីកមាគ៌ា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍អាចសម្រេចបានទំនើបកម្ម”។ លោកបន្ថែមថា “កម្ពុជាអាចស្វែងរកវិធីសាស្រ្តដ៏សមស្របសម្រាប់ខ្លួនឯង ចេញពីបទពិសោធន៍ទំនើបកម្មតាមបែបផែនចិន និងបង្កើតមាគ៌ាទំនើបកម្មដែលស្របតាមស្ថានភាពជាក់ស្ដែង និងមានលក្ខណៈពិសេសផ្ទាល់ខ្លួន”។

ឆ្នាំ២០២៣ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន និងជាខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។ ភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ចំនួនបីភាគ ដែលផលិតយ៉ាងផ្ចិតផ្ចង់ដោយ មជ្ឈមណ្ឌលភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ផ្តោតលើប្រជាជនទូទៅនៅកម្ពុជា បង្ហាញពីលទ្ធផលជាផ្លែផ្កា ដែលសម្រេចបានដោយប្រទេសចិន និងកម្ពុជា ក្នុងដំណើរការរួមគ្នាកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ និងការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here