ដោយ: គង់ លាងហួរ
គូឡាឡាំពួរ: ទំហំប្រតិបត្តិការអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ីបានកើនឡើង២៣,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់ទឹកប្រាក់៤០ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យជាតិ (NAPIC)។
យោងតាមមជ្ឈមណ្ឌល NAPIC បានឱ្យដឹងទៀតថា ប្រតិបត្តិការអចលនទ្រព្យ លើសពី៣៨៩.០០០ ត្រូវបានកត់ត្រាកាលពីឆ្នាំ២០២២ ពោលគឺកើនឡើង២៩,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
មានប្រតិបត្តិការចំនួន២៤៣.១៩០ តម្លៃ៩៤,២៨ពាន់លានរីងហ្គីត ដែលត្រូវបានកត់ត្រានៅក្នុងរយៈពេលពិនិត្យ ដែលកើនឡើង២២,៣ភាគរយ នៅក្នុងបរិមាណ និង២២,៦ភាគរយនៅក្នុងតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ។
ផ្នែកអចលនទ្រព្យពាណិជ្ជកម្ម បានកត់ត្រាប្រតិបត្តិការចំនួន៣២.៨០៩ ដែលមានតម្លៃ៣២,៦១ពាន់លានរីងហ្គីត ក្នុងឆ្នាំ២០២២ កើនឡើង៤៦,៣ភាគរយ នៅក្នុងបរិមាណ និង១៦,៧ភាគរយ នៅក្នុងតម្លៃធៀបនឹងឆ្នាំ២០២១។
មជ្ឈមណ្ឌល NAPIC បានអះអាងថា “ទីផ្សារអចលនទ្រព្យត្រូវបានគេរំពឹងថា នឹងកើនឡើងស្របតាមកំណើនសេដ្ឋកិច្ចទាប មធ្យម ដែលត្រូវបានព្យាករណ៍ សម្រាប់ឆ្នាំ២០២៣នេះ ដោយសារបរិយាកាសខាងក្រៅមិនអាចទាយទុកជាមុនបាន”។
ទោះជាយ៉ាងនេះក្តី គោលនយោបាយស្នាក់នៅ ការគាំទ្ររបស់ រដ្ឋាភិបាលជាបន្ត ការអនុវត្តបានល្អនូវវិធានការ ដែលបានគ្រោងទុកទាំងអស់ដែលមានចែងនៅក្នុងថវិកាឆ្នាំ២០២៣ និងការអនុវត្តត្រឹមត្រូវនៃយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមនានា នៅក្រោមផែនការម៉ាឡេស៊ីលើកទី១២ ត្រូវបានគេរំពឹងថានឹងនៅតែបន្តគាំទ្រ ដល់វិស័យអចលនទ្រព្យ៕
