តំបន់រាម ខេត្តព្រះសីហនុទាក់ទាញគំរោងអភិវឌ្ឍន៍តម្លៃរាប់លានដុល្លារថ្មីមួយទៀត

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងសហគមន៍អាជីវកម្មរាម ដែលស្ថិតនៅក្នុងតំបន់សក្ដានុពល នៃខេត្តព្រះសីហនុ បានប្រកាសបើកសម្ពោធនិងប្រកាសលក់ជាផ្លូវការ ក្រោមអធិបតីភាពលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ មីនា ២០២៣ នៅក្នុងទីតាំងគម្រោងនេះផ្ទាល់ ។

គម្រោងសហគមន៍អាជីវកម្មរាម ជាគម្រោងអភិវឌ្ឍន៍ដីឡូត៏អាជីវកម្មដ៏ធំមួយ នៅក្នុងទីក្រុងរាមនៃខេត្តព្រះសីហនុ ដែលមានទំហំផ្ទៃដី៧ហិចតា និងមានផែនការអភិវឌ្ឍ ទៅជាសហគមន៍អាជីវកម្មចម្រុះ រួមមានផ្សារទំនើប ហាងកាហ្វេ ហាងលក់ទំនិញ រោងភាពយន្ត សណ្ឋាគារ និងអាជីវកម្មជាច្រើនទៀត ។

លោកជិន ច័ន្ធឆាយ៉ា ម្ចាស់គម្រោងសហមន៍អាជីវកម្មរាមបានមានប្រសសាន៍ឱ្យដឹង ក្នុងពិធីសម្ភោធគំរោងខាងលើកាលពីចុងសប្តាហ៍មុនថា គម្រោងទាំងមូលមានផ្ទៃដីសរុបប្រមាណ៧ហិចតា ហើយក្នុងនោះ គ្រាន់តែដីសម្រាប់សាងសង់ ហេដ្ឋារចនាសម្ព័ន្ធអស់ប្រ​មាណ៣ហិចតា និងនៅសល់ប្រមាណ៤ហិចតា គឺយើងអភិវឌ្ឍន៍ជាដីឡូត៏អាជីវកម្ម ។

លោកបន្តថា “យើងសង្ឃឹមថាគម្រោងអភិវឌ្ឍន៍នេះ នឹងទាក់ទាញបងប្អូនអាជីវករកម្ពុជា មកចូលរួចអភិវឌ្ឍន៍អាជីវកម្ម និងបង្កើតជាសហគមន៍អាជីវកម្ម នៅក្នុងតំបន់នៅពេលឆាប់ៗនេះផងដែរ”។​លោកបន្តថា “នៅក្នុងសហគមន៍អាជីវកម្មមួយនេះ យើងនឹងបង្កើតទៅជាតំបន់ពាណិជ្ជកម្មចម្រុះ រួមមានជាសណ្ឋាគារ រីសត ផ្សារទំនើប ហាងលក់ទំនិញ ហាងកាហ្វេ និងអាជីវកម្មទាក់ទាញជាច្រើនទៀត”។

លោកជិន ច័ន្ទឆាយាបានបន្តថា ក្រុមហ៊ុ​នរបស់យើងនឹងជំរុញឱ្យសកម្មភាពអាជីវកម្ម នៅក្នុងសហគមន៍អាជីវកម្មរាម ចាប់ផ្ដើមឲ្យមានសភាពមមាញឹកនៅអំឡុងឆ្នាំ២០២៤ខាងមុខនេះ។ លោកបន្តថា ដោយមិនទាន់រាប់បញ្ចូលតម្លៃដី គ្រាន់តែហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងគម្រោងមួយនេះ យើងបានចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក ដោយក្នុងគម្រោងនេះ មានអភិវឌ្ឍន៍ជាផ្លូវបេតុងអ៊ុតកៅស៊ូ មានទំហំធំៗរហូតដល់៣៧ម៉ែត្រ មានប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធភ្លើងដែលបង្កប់នៅក្រោមដីទាំងអស់។

ចូលរួមជាអធិបតីក្នុងពិធីនោះ លោកឯម ភាព អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា ដូចយើងបានដឹងទាំងអស់គ្នាហើយថា ខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្ដានុពល ដោយយើងមានផ្លូវល្បឿ​ន​លឿនតភ្ជាប់ពីភ្នំពេញ មានផ្លូវដែក មានកំពង់ផែ និងមានព្រលានយន្តហោះផងដែរ ។ ម្យ៉ាងទៀត ចាប់តាំងពីផ្លូវល្បឿនលឿនបានបើកឱ្យដំណើរការ ក៏ឃើញថាមានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករ បានមកលេងនៅក្នុងខេត្តព្រះសីហនុ។

ជាក់ស្ដែងនៅរៀងរាល់ល្ងាចថ្ងៃសុក្រ និងថ្ងៃសៅរ៍ អាទិត្យមានការកកស្ទះចរាចរណ៍ នៅតាមតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ដោយសារតែប្រជាពលរដ្ឋមកលេងកម្សាន្តច្រើន ។

លោកបន្តថា “គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាមនេះ វាបានជំរុញឱ្យខេត្តព្រះសីហនុ កាន់តែមានសក្ដានុពលបន្ថែមទៀត ហើយក៏ជាឱកាសមួយ សម្រាប់អ្នកវិនិយោគចាប់យក ស្របនឹងសេដ្ឋកិច្ចរបស់កម្ពុជា ក៏ចាប់ផ្ដើមងើបឡើងបណ្ដើរៗវិញ ដែលធ្វើឱ្យអ្នកវិនិយោគទាំងខ្មែរ និងបរទេស ចូលមកកាន់ខេត្តព្រះសីហនុជាបន្តបន្ទាប់ទៀត”។

លោកឯម ភាពបានបន្តថា ជាក់ស្ដែងកន្លងមកនេះ យើងបានឃើញហើយថា ភ្ញៀវបរទេសជាពិសេសពីប្រទេសចិន បានធ្វើដំណើរមកកាន់ខេត្តព្រះសីហនុឡើងវិញ ដែលធ្វើឱ្យសកម្មភាពជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ កងកេងមមាញឹកឡើងវិញផងដែរ ។

ចំណែកលោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានមានប្រសាសន៍ផងដែរថា ឱកាសនៃការវិនិយោគអចលនទ្រព្យ នៅក្នុងខេត្តព្រះសីហនុ គឺមានភាពរ៉ឹងមាំនៅថ្ងៃអនាគត និងមានរយៈពេលវែង ហើយលោកជឿជាក់ថាទីក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងទំនើបមួយ ដែលមិនចាញ់ទីក្រុងទំនើបៗនៅលើពិភពលោកប៉ុន្មាននោះទេ។

លោកបន្តថា “ក្នុងរយៈពេលជិត១ត្រីមាសកន្លងទៅនេះ លំហូរវិនិយោគិនបរទេសចូលមកកម្ពុជា ចាប់ផ្ដើមមាននិន្នាការកើនឡើងវិញហើយ ជាពិសេសវិនិយោគិនមកពីប្រទេសចិន ដោយឃើញថាកំណើនជើងហោះហើរ ពីបរទេសចូលមកកម្ពុជាក៏កើនឡើង ទាំងអ្នកវិនិយោគថ្មីៗ និងអ្នកវិនិយោគរួចហើយ និងបានមកមើលពីឱកាសនៃការវិនិយោគនៅកម្ពុជាបន្ថែមទៀត”។  .

គម្រោងសហគមន៍អាជីវកម្មរាម បាន​ទទួលបានសិទ្ធិលក់​ផ្ដាច់មុខ​ដោយក្រុមហ៊ុន KH25 Property ។

​សម្រាប់ព័ត៌មាន​បន្ថែមអាចទាក់ទង​ តាម​រយៈលេខទូរសព្ទ 092 207 308/ 087 207 308 ។​ឬក៏ចូលទៅកាន់គេហទំព័រ​របស់ក្រុមហ៊ុន ​៖http://​https://kh25property.com  ៕

   

LEAVE A REPLY

Please enter your comment!
Please enter your name here