សេដ្ឋីអចលនទ្រព្យខ្មែរពីររូបសហការគ្នាសង់ស្ពាន២នៅប៉ែក ខាងត្បូងរាជធានីភ្នំពេញ

0

 

    ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ស្ពានបេតុងចំនួន២កន្លែង ស្ថិតនៅលើមហាវិថីអ្នកឧក​ញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍ប៉ែកខាងត្បូងរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៥ មីនា ២០២៣ដើម្បីសម្រួលចរាចរណ៍ និងជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកា​ន់​តែ​ស្រស់ស្អាតសមជាទីក្រុងស៊ីវីល័យ។

ស្ពានទាំងពីរនេះត្រូវបានសាងសង់ឡើង ដោយកិច្ចសហការរវាងសេដ្ឋីអចលនទ្រព្យពីររូបគឺ អ្នកឧកញ៉ាលាងឃុនប្រធានក្រុមហ៊ុនជីប ម៉ុងគ្រុប និងអ្នកឧកញ៉ាថៃ ជាហួតអគ្គនាយកបុរីប៉េង ហួតគ្រុប។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសា​សន៍ថា ក្រោយឆ្នាំ១៩៧៩ តំបន់បឹងទំពុន-ជើងឯក គឺជាតំបន់វាលទំនា​បនិងលិចទឹក នៅរដូវវស្សា ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ត្រូវបានប្រើប្រាស់ ជាអាងស្តុកទឹកស្អុយ និងជាស្រែប្រាំង ដាំបន្លែបង្ការបន្តិចបន្តួច សម្រាប់អាស្រ័យផល របស់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នេះតែប៉ុណ្ណោះ។

លោកបន្តថា ចាប់តាំងពីឆ្នាំ២០០៦ រាជរដ្ឋាភិបាល បានសម្រេចកែលម្អ តំបន់នេះជាទីក្រុងរណបថ្មី សំដៅបង្កើនសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច ឱ្យបានខ្លាំងក្លាថែមទៀត ឆ្លើយតបទៅនឹងតម្រូវការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។

ផ្អែកតាមប្លង់មេនៃគម្រោង តំបន់នេះ ត្រូវស្ថាបនាមហាវិថីចំនួន ៣ខ្សែ រូមមាន មហាវិថីសម្តេច តេជោ ហ៊ុន សែន  មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង និង  មហាវិថីកាត់ទទឹងទី២ ព្រមទាំងត្រូវ ស្ថាបនាផ្លូវមេចំនួន៦១ខ្សែ និងបំពាក់ភ្ជាប់នូវបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ខ្សែកាបអុបទិច ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកសំអុយ រក្សាទុកអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកកខ្វក់ លើកកម្ព​ស់ដីរូបសាស្ត្រកំណត់តំបន់បៃតង រៀបចំប្រព័ន្ធចរាចរណ៍ដឹកជញ្ជូន និងសំណង់ សិល្បការជាច្រើនទៀត។

លោកបន្ថែមថា គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន -ជើងឯ​ក ត្រូវបានផុសចេញជារូបរាងឡើងជាបណ្តើរៗ មានទាំងគម្រោងអគារ ពាណិជ្ជកម្ម-ខុនដូប្រណីត អគារតាំងបង្ហាញរថយន្តប្រណិតសាលា អន្តរជាតិ ISPP បុរី Town បុរី ជីបម៉ុង បុរី ប៉េងហូត គម្រោងផ្សារ ទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល ផ្សារទំនើប PH Diamond Place និង គម្រោងផ្សារទំនើបអីអនទី៣ ព្រមទាំងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។

លោកឃួង ស្រេងបានបញ្ជាក់ថា ការបើកការដ្ឋានស្ថាបនាស្ពានបេតុង២កន្លែងនៅលើ មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង គឺជាផ្នែកមួយ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន- ជើងឯក ដែលជាការចូលរួមចំណែករបស់វិស័យឯកជន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ។

ក្រោយពេលស្ពានទាំងពីរនេះ ត្រូវបានស្ថាបនារួចរាល់នឹងទទួ​ល​បានអត្ថប្រយោជន៍ជាច្រើន នោះគឺការតភ្ជាប់តួមហាវិថីអ្នកឧកញ៉ មហារក្តីសប្បរិសភោគាធិបតី ហ៊ុន នាង ទាំងមូល ដែលជាផ្លូវយុទ្ធសាស្ត តភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ផ្លូវលេខ ៣៧១ សម្រាប់សម្រួលដល់ការធ្វើដំណើរ ចំពោះប្រជាពលរដ្ឋក្នងតំបន់នេះ និងជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍទីក្រុង ដើម្បីជួយសម្រាលការកកស្ទះចរាចរណ៍ លើមហាវិថីសម្ដេចតេជោ ហ៊ុន សែន វិថីកងយោធពល ខេមរភូមិន្ទ និងកំណាត់ផ្លូវលេខ៣៧១ ដែលនឹងធ្វើឱ្យទីក្រុងរបស់យើង កាន់តែមានលក្ខណៈសម្បត្តិ ប្រកួតប្រជែងខ្ពស់ ជាពិសេសកាត់បន្ថយថ្លៃដើម នៃការចំណាយលើការដឹកជញ្ជូនផលិត​ផល និងសេវាកម្មនានាកាន់តែប្រសើរឡើង។

អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង  បានលើកឡើងដែរថា ស្ថានបេតុងតុងស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាងនេះ មាន២កន្លែង ក្នុងនោះស្ពានទី១ មានប្រវែង២០ម៉ែត្រគុណ២៨,៥ម៉ែត្រ និងស្ពានទី២មានប្រវែង១៦០ម៉ែត្រ គុណ២៨,៥ម៉ែត្រ ដោយប្រើប្រាស់ពេលវេលានៃការស្ថាបនាចំនួន២៤ខែ និងចំណាយថវិកាចំនួន៥លានដុល្លា​រសហរដ្ឋអាមេរិក ដើម្បីបំរើផលប្រយោជន៍សាធារណៈ និងដើម្បីជាការលើកសោភណ្ឌភាព រាជធានីភ្នំពេញ កាន់តែមានភាពស្រស់បំព្រងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here