អគារជាប់គាំងនៅខេត្តព្រះសីហនុជាងពាក់កណ្ដាលមិនមានច្បាប់អនុញ្ញាត

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ តាមការបញ្ជាក់ពីលោកឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា តាមការត្រួតពិនិត្យទៅលើអគារជាប់ទាំង១.៦០០សំណង់អគារ បានឃើញថា អគារដែលមានច្បាប់អនុញ្ញាតសាងសង់មានមិនដល់៥០ភាគរយនោះទេ ដោយពាក់កណ្ដាលគឺមិនមានច្បាប់អនុញ្ញាតឱ្យសាងសង់ឡើយ ។

លោកបន្តថា នេះគឺជាបញ្ហាមួយដែលយើងត្រូវដោះស្រាយចំពោះមុខ ហើយយើងក៏ទទួលស្គាល់ថា វាជាការខ្វះចន្លោះរបស់យើង ក្នុងការត្រួតពិនិត្យ ពីព្រោះតែក្នុងអំឡុងឆ្នាំ ២០១៧ ឆ្នាំ ២០១៨ និងឆ្នាំ ២០១៩កន្លងមកនេះ ការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុមានសន្ទុះលឿន ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ រាជរដ្ឋាភិបាលក៏បាននិងកំពុងរៀបចំក្រុមការងារដោះស្រាយគម្រោងអគារដែលជាប់គាំងនៅក្នុងក្រុងព្រះសីហនុ ក្នុងនោះដែរយើងក៏បានគិតគូរពីការលើកលែងនិងអនុគ្រោះ មួយចំនួន ដើម្បីឱ្យអ្នកវិនិយោគ ឬក៏អ្នកមកបណ្ដាក់ទុនថ្មីៗមានទំនុកចិត្តមកលើរាជរដ្ឋាភិបាល ពីព្រោះថានៅពេលដែលមានអ្នកវិនិយោគណាមួយ មានបញ្ហាជាប់គាំង យើងមិនត្រូវបោះបង់ឱ្យគាត់នៅមានបញ្ហាតែម្នាក់ឯងនោះទេ គឺយើងត្រូវជួយដោះស្រាយជាមួយពួកគាត់ ។

លោកបន្តទៀតថា រាជរដ្ឋាភិបាលក៏ដូចជាក្រុមការងារ កំពុងតែរៀបចំនិងបែងចែកទៅតាមតំបន់នីមួយៗនៃការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ដូចជាតំបន់សណ្ឋាគារ តំបន់ឧស្សាហកម្ម តំបន់សាលារៀន តំបន់មន្ទីរពេទ្យ ឬក៏តំបន់រួចពន្ធជាដើម ។ នៅពេលដែលយើងរៀបចំរួចរាល់ យើងនឹងផ្សព្វផ្សាយទៅដល់បណ្ដាអ្នកវិនិយោគ ហើយអ្នកវិនិយោគអាចជ្រើសរើសយកតំបន់ណាមួយសម្រាប់ការវិនិយោគរបស់ខ្លួន ។

លោកបន្ថែមថា ការធ្វើបែបនេះ គឺដើម្បីឱ្យវិនិយោគិនចាស់ៗដែលមានគម្រោងជាប់គាំង អាចនឹងមកបន្តការងារ វិនិយោគរបស់ខ្លួនឡើងវិញក៏ដូចជាទាក់ទាញវិនិយោគថ្មីៗ ចូលមកក្នុងខេត្តព្រះសីហនុបន្ថែមទៀត ។ លោកថា”តាមពិតទៅ គម្រោងមួយចំនួនបានជាប់គាំង ដោយសារតែកត្តាទំនាស់រវាងអ្នកវិនិយោគនិងម្ចាស់ទីតាំង ដូចជាការបង់ថ្លៃឈ្នួលយឺតយ៉ាវ និងកត្តាផ្សេងៗ ដែលធ្វើមានការជាប់គាំង ហើយគម្រោងខ្លះទៀតក៏បានឈានដល់ការប្តឹងផ្ដល់គ្នាដល់តុលាការ ដូច្នេះហើយនៅពេលដែលមានការប្ដឹងផ្ដល់គ្នាដល់តុលាការ បានធ្វើឱ្យវិនិយោគិនអស់ទំនុកចិត្ត អញ្ចឹងហើយរាជរដ្ឋាភិបាលក៏បានបង្កើតក្រុងការងារដែលមានសមាសភាពមកពីក្រសួងយុត្តិធម៌ ដើម្បីសម្របសម្រួលរវាងម្ចាស់ដីនិងអ្នកអភិវឌ្ឍន៍ ” ។

លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ ឃើញថាចំនួនភ្ញៀវបរទេសចូលមកកម្ពុជាមានការកើនឡើងវិញ ហើយក្នុងនោះក៏មានទាំងទេសចរនិងវិនិយោគិនផងដែរ ដែលវាជាសញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ ក្នុងនោះដែរខេត្តព្រះសីហនុជាខេត្តគោលដៅសំខាន់មួយសម្រាប់ការទាក់ទាញវិនិយោគិនបរទេសជាពិសេសវិនិយោគិនចិន ។

លោកបន្តថា ចាប់តាំងពីផ្លូវល្បឿនលឿនបានដាក់ឱ្យប្រើប្រាស់ យើងបានឃើញថាមានវិនិយោគិនបរទេសនិងក្នុងស្រុកជាច្រើនបានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន និងមានវិនិយោគិនខ្លះទៀត កំពុងសិក្សាពីគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយរំពឹងថានៅពេលខាងមុខ គម្រោងអភិវឌ្ឍន៍ជាច្រើននឹងលេចរូបរាងនៅក្នុងខេត្តមួយនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here