អ្នកជំនាញ ៖ សកម្មភាពវិនិយោគអចលនទ្រព្យកម្ពុជាមាននិន្នាការកើនឡើងវិញក្នុងឆ្នាំនេះ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងរយៈពេលជិត១ត្រីមាសនៃឆ្នាំ ២០២៣នេះ សកម្មភាពទិញលក់និងការវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមាននិន្នាការឡើងបន្តិចម្ដងៗហើយរំពឹងថានៅឆ្នាំ ២០២៤ខាងមុខ ស្ថានភាពកាន់តែប្រសើរបន្ថែមទៀត ។

លោកបន្តថា កាលពីត្រីមាសទី១ឆ្នាំ ២០២២ ការវិនិយោគលើវិស័យអចលនទ្រព្យក៏ដូចជាការទិញលក់ ហាក់នៅមានកម្រិតតិចតួចនៅឡើយ ដោយសារតែដើមឆ្នាំ២០២២ កម្ពុជាទើបតែបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ ហើយស្ថានភាព កូវីដ១៩ នៅអំឡុងពេលនោះក៏មិនទាន់បានប្រសើរខ្លាំងដូចនៅដើមឆ្នាំ២០២៣នេះដែរ ។

លោកបន្តទៀតថា សម្រាប់ដើមឆ្នាំ ២០២៣នេះ វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសចាប់ផ្ដើមចូលមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ ក្នុងនោះវិនិយោគិនជនជាតិចិន ក៏ចាប់ផ្ដើមចូលមកប្រទេសកម្ពុជាជាបន្តបន្ទាប់ផងដែរ ហើយរពឹងថា វិនិយោគិនចិនដែលធ្លាប់បានចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាម្ដងហើយ នឹងចូលមកឡើងវិញ ហើយវិនិយោគិនថ្មីៗ ក៏នឹងចូលមករកការវិនិយោគនៅកម្ពុជាដែរ ។

យ៉ាងណាក្ដីលោកសន សៀបក៏បានប្រាប់ឱ្យវិនិយោគិនទាំងនិងក្នុងនិងក្រៅប្រទេស ក៏ត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ផងដែរ មុននឹងដាក់ទុនវិនិយោគក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពច្បាស់លាស់និងកំពុងមានបញ្ហានៅបណ្ដាប្រទេសសេដ្ឋកិច្ចរីកចម្រើនធំៗដូចជាអាមេរិកជាដើម ។

អ្នកស្រីអាន សុធីតា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ផងដែរថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺពេលវេលាមួយដែលចាត់ទុកជាងាយស្រួលទិញតែពិបាកលក់ ដូច្នេះហើយទើបក្នុងអំឡូងពេលនេះ មិនសូវមានប្រតិបត្តិការទិញលក់ច្រើន ។ ក្នុងអំឡុងពេលនេះដែរ ម្ចាស់ទ្រព្យគួរគិតផងដែរថាទ្រព្យណាដែលត្រូវលក់ទ្រព្យណាដែលត្រូវទុក ដូចជាទ្រព្យដែលទិញ ទុករយៈពេល៥ឆ្នាំហើយ តែមិនមានសន្ទុះកំណើនតម្លៃ ឬកើនឡើងតិចតួច យើងមិនគួរបន្តទុកទៀតទេ ពីព្រោះទៅមុខទៀតក៏នឹងមិនចំណេញដែរ ដូច្នេះគួរលក់យកលុយទៅវិនិយោគនៅទីតាំងផ្សេងៗអចលនទ្រព្យប្រភេទផ្សេង ។

អ្នកស្រីបន្តថា នៅក្នុងស្ថានភាព ដូចបច្ចុប្បន្ននេះដែរ អ្នកមានលុយគឺមានឱកាសខ្ពស់ក្នុងការវិនិយោគអចលនទ្រព្យរកប្រាក់ចំណេញ ពីព្រោះថាក្នុងករណីនេះ នឹងមានម្ចាស់ទ្រព្យដែលគាត់ត្រូវការហិរញ្ញវត្ថុបន្ទាន់ ហើយត្រូវការលក់ទ្រព្យដើម្បីយកមកដោះស្រាយ ហើយគាត់នឹងលក់ក្នុងតម្លៃទាបជាងទីផ្សារ ដែលធ្វើឱ្យអ្នកទិញអាចលក់វិញនៅពេលបន្ទាប់បានប្រាក់ចំនេញខ្ពស់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here