ដោយៈ រតនៈ
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានប្រវែងសរុប១៣៨ គីឡូម៉ែត្រ ដោយកាត់តាមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀង មុននឹងទៅដល់ច្រកទ្វារព្រំដែនបាវិត ដែលមានព្រំដែនជាមួយប្រទេសវៀតណាម ស្ថិតក្នុងគម្រោងចំណាយសរុប១៦៣៨ លានដុល្លារអាមេរិក។
អ្នកជំនាញអចលនទ្រព្យអះអាងថា តម្លៃដីនៅតាមបណ្ដោយផ្លូវដែលគ្រោងសាងសង់នេះ នឹងឡើងថ្លៃមុនការសាងសង់ និងពេលសាងសង់ ប៉ុន្តែតម្លៃនឹងនៅទ្រឹង ។
លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate បានប្រាប់Propertyerea.asia កាលពីថ្ងៃទី២៨ មិនាថា គ្រាន់តែព័ត៌មានដែលថា មានផ្លូវល្បឿនលឿនសាងសង់កាត់ដំបន់មួយចំនួននោះ ធ្វើឱ្យតម្លៃដីនៅតំបន់នោះហាក់ឡើងថ្លៃ។លោកបន្តថា ប្រសិនបើផ្លូវនោះប្រើរយៈពេលសាងសង់២ ទៅ៣ឆ្នាំគឺជាពេលមួយ ដែលដីនៅតាមបណ្ដោយផ្លូវនោះឡើងថ្លៃ ប៉ុន្តែនៅពេលផ្លូវនោះបានសាងសង់រួចរាល់តម្លៃដីហាក់នៅទ្រឹង។
លោកបណ្ឌិតបានលើកយកបទពិសោធន៍ ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ មកបង្ហាញថា វារឿងចម្លែកសម្រាប់នៅកម្ពុជាដែលតម្លៃដីស្របផ្លូវល្បឿនលឿនឡើងថ្លៃ ប៉ុន្តែសម្រាប់ប្រទេសជាច្រើនលើលោក គឺមិនដូចកម្ពុជាទេ ព្រោះផ្លូវល្បឿនលឿនគឺមិនមានកន្លែងចេញចូលច្រើននោះទេ ហើយដីដែលល្អ និងត្រូវមានតម្លៃថ្លៃគឺមានតែដីដែលនៅតំបន់ ដែលមានច្រកចេញពីផ្លូវល្បឿនលឿនប៉ុណ្ណោះ។
យ៉ាងនេះក្តីលោកបញ្ជាក់ថា “ប្រសិនបើផ្លូវល្បឿនលឿនភ្នំពេញ បាវិតនេះសាងសង់រួច គឺជួយដល់សេដ្ឋកិច្ចកម្ពុជាជាច្រើន ជាពិសេសគឺការដឹកជញ្ជូនទំនិញចេញចូលកម្ពុជា វៀតណាម”។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិតគឺជាគម្រោងផ្លូវល្បឿនលឿនទី២ហើយ បន្ទាប់ពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានសាងសង់រួចរាល់ និងបានដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២២ កន្លងទៅ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាត្តឲ្យក្រុមហ៊ុនCRBC សិក្សាផ្លូវល្បឿនលឿន គម្រោងទី៣ផងដែរ តភ្ជាប់ពីរាជធានី ភ្នំពេញ ទៅកាន់ខេត្តសៀមរាប៕