សម្ដេចតេជោ ៖ ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ឆ្នាំខ្លះបានមកពីវិនិយោគិនក្នុងស្រុកស្ទើរទាំងស្រុង

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រនិងសញ្ញាបត្រ ជូននិស្សិតនៃវិទ្យាស្ថានជាតិ ពាណិជ្ជសាស្ត្រនៅព្រឹកថ្ងៃទី៣០ មីនា ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការវិនិយោគលើអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅឆ្នាំខ្លះភាគច្រើនបានមកពីអ្នកវិនិយោគក្នុងស្រុក ដូច្នេះយើងទទួលអ្នកវិនិយោគពីខាងក្រៅក៏មិនភ្លេចអ្នកវិនិយោគក្នុងស្រុកដែរ ។

សម្ដេចតេជោបន្តថា នៅពេលកម្ពុជាមានធនធានមនុស្ស និងមានអ្នកជំនាញកាន់តែច្រើន អ្នកវិនិយោគទាំងនៅក្នុងស្រុក និងមកពីខាងក្រៅ ក៏កាន់តែច្រើននឹងចូលមកបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ហើយកម្ពុជាមិនមែនចង់បានតែអ្នកវិនិយោគពីខាងក្រៅប្រទេសនោះទេ តែយើងកុំភ្លេចផងដែរថា ការវិនិយោគនៅកម្ពុជា ឆ្នាំខ្លះមានទំហំធំបានមកពីវិនិយោគិនក្នុងស្រុក ជាពិសេសក្នុងវិស័យអចលនទ្រព្យ ។

សម្ដេចតេជោហ៊ុនសែនបន្តថា វិស័យអចលនទ្រព្យឆ្នាំខ្លះ សឹងតែ១០០ភាគរយ បានមកពីការវិនិយោគក្នុងស្រុក ដែលពួកគេត្រូវទទួលបន្ទុក ទៅលើការវិនិយោគអចលនទ្រព្យជាពិសេសលំនៅឋានតែម្ដង ។ បន្ថែមពីនេះ អ្នកវិនិយោគក្នុងស្រុករបស់យើង ក៏បានចាប់ដៃគូជាមួយអ្នកវិនិយោគពីខាងក្រៅប្រទេសដើម្បីអភិវឌ្ឍន៍ ជាក់ស្ដែងការផលិតស៊ីម៉ង់ ដោយបច្ចុប្បន្ននេះ កម្ពុជាបានផលិតស៊ីម៉ង់ដោយខ្លួនឯងប្រមាណជា៩លានតោន ដែលមុននេះ កម្ពុជានាំចូលស៊ីម៉ង់ពីខាងក្រៅ១០០ភាគរយ ។

សម្ដេចតេជោបន្ថែមថា ស៊ីម៉ង់ដែលកម្ពុជាផលិតបាន៩លានតោន មិនទាន់គ្រប់គ្រាន់ទៅតាមតម្រូវការនោះទេ ពីព្រោះសន្ទុះនៃការប្រើប្រាស់ស៊ីម៉ង់មានច្រើនណាស់ទាំងលំនៅឋាន អគារខ្ពស់ និងសូម្បីតែផ្លូវតាមភូមិមួយចំនួនក៏ចាក់បេតុងដែលត្រូវប្រើស៊ីម៉ង់ដែរ ដូច្នេះហើយទើបធ្វើឱ្យតម្រូវការស៊ីម៉ង់កាន់តែច្រើន ។
សម្ដេចតេជោបន្ថែមទៀតថា ដើម្បីឆ្លើយតបនឹងការវិនិយោគពីខាងក្រៅ និងខាងក្នុង កម្ពុជា ត្រូវការអ្នកជំនាញបច្ចេកទេសបន្ថែមទៀត ហើយសម្ដេចក៏បានជំរុញឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបណ្ដុះបណ្ដាលធនធានមនុស្សចំនួន១,៥លាននាក់ដើម្បីត្រៀមការកើនឡើងនៃការវិនិយោគថ្មីៗ នៅក្នុងប្រទេសកម្ពុជា ។

ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជានេះដែរ ជាការកត់សម្គាល់ក្នុងអំឡុងវិបត្តិកូវីដ១៩ ការវិនិយោគលើវិស័យនេះ ភាគច្រើនគឺការវិនិយោគពីអ្នកវិនិយោគក្នុងស្រុកដូចជាការអភិវឌ្ឍលនៅឋាន ខុនដូតម្លៃសមរម្យ និងការវិនិយោគលើដីឡូត៏ជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here