ដោយ: គង់ លាងហួរ
ភ្នំពេញ: ជារៀងរាល់សប្តាហ៍ ជាងមាសកម្ពុជាលោក ធឿន ចន្ថា បានប្រែក្លាយសំបកគ្រាប់កាំភ្លើងប្រហែលប្រាំគីឡូក្រាម AK-47 និង M-16 ទៅជាគ្រឿងអលង្ការ។
យោងតាមការចុះផ្សាយដោយសារពត៌មាន Reuters បានឱ្យដឹងថា អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ បុរសវ័យ៤២ឆ្នាំរូបនេះ ដែលឪពុករបស់លោកត្រូវបានគេសម្លាប់ក្នុងអំឡុងសង្រ្គាមជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជាបានបើកសិក្ខាសាលាមួយដើម្បីប្រែក្លាយនិមិត្តសញ្ញានៃអំពើហិង្សាទៅជាអ្វីដែលលោកហៅថាជាវត្ថុសិល្បៈដែលអាចពាក់បាន។
ដោយសារតែការឈឺចាប់ ក្រោយក្លាយខ្លួនជាក្មេងកំព្រាដោយសារគ្រាប់កាំភ្លើងឆក់យកនូវសុភមង្គលរបស់ក្រុមគ្រួសារ រួមផ្សំ នឹងជំនាញផ្នែកច្នៃគ្រឿងអលង្ការដែលខ្លួនមានផង បុរសម្នាក់នេះ ក៏បានចាប់យកមុខរបរជាអ្នកកែច្នៃកម្ទេចសំបកគ្រាប់កាំភ្លើង មកធ្វើជាគ្រឿងអលង្ការ ។
លោកបានមានប្រសាសន៍ថា “ខ្ញុំជាជនរងគ្រោះក្នុងសង្គ្រាមក្នុងនាមជាជនជាតិខ្មែរដែលបានបាត់បង់សមាជិកគ្រួសារក្នុងនោះ ហើយពេលនេះពិភពលោកក៏កំពុងមានសង្គ្រាមផងដែរ”។
លោកបានបន្តថា“ខ្ញុំធ្វើនេះដើម្បីបង្ហាញថាពិភពលោកមិនចង់បានសង្រ្គាមនោះទេ.. យើងទាំងអស់គ្នាចង់បានសន្តិភាព”។ គ្រាប់កាំភ្លើងត្រូវបានប្រមូលពីកន្លែងបាញ់ប្រហារ និងកន្លែងហ្វឹកហ្វឺនយោធាជុំវិញរាជធានីភ្នំពេញ។
ទោះយ៉ាងណាក៏ដោយ ក្នុងរយៈពេលនៃការចាប់ផ្តើមដំណើរការសិប្បកម្មច្នៃសំបកគ្រាប់កាំភ្លើង ទៅជាគ្រឿងអលង្ការរបស់លោក ដែលមានឈ្មោះថា Angkor Bullet Jewellery នេះ ទើបនឹងទទួលបានការគាំទ្រខ្លាំង ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ៕