រដ្ឋបាលខេត្តព្រះសីហនុ រៀបចំដីទៅតាមតំបន់សម្រាប់សម្រួលដល់ការវិនិយោគ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ស្របនឹងកំណើននៃការចាប់អារម្មណ៍វិនិយោគពីសំណាក់វិនិយោគិនបរទេសនិងក្នុងស្រុកទៅលើខេត្តព្រះសីហនុចាប់ផ្ដើមកើនឡើងវិញ រដ្ឋបាលខេត្តព្រះសីហនុបាននិងកំពុងរៀបចំដីធ្លីទៅតាមតំបន់ដើម្បីសម្រួលដល់វិនិយោគិនចូលមកបណ្ដាក់ទុនវិនិយោគនៅពេលឆាប់ៗនេះ ។

លោកឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុ កំពុងរៀបចំការអភិវឌ្ឍទៅតាមតំបន់នៅក្នុងខេត្ត ដើម្បីឱ្យវិនិយោគិនចូលមក ងាយស្រួលជ្រើសរើសទីតាំងបានត្រឹមត្រូវនិងពេញចិត្ត ដូចជាតំបន់ដែលត្រូវអភិវឌ្ឍជាលំនៅឋាន តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម តំបន់អភិវឌ្ឍន៍សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងតំបន់កម្សាន្តជាដើម ។

លោកបន្តថា នៅពេលវិនិយោគិនដែលចង់អភិវឌ្ឍជាសណ្ឋាគារ អាចទៅរកតំបន់ដែលយើងរៀបចំសម្រាប់ជាសណ្ឋាគារ ហើយវិនិយោគិនដែលចង់មកវិនិយោគជាកាស៊ីណូ អាចទៅរកតំបន់ដែលយើងបានត្រៀមសម្រាប់អភិវឌ្ឍជាកាស៊ីណូ និងភ្ញៀវដែលមកវិនិយោគជាឧស្សាហកម្ម អាចទៅរកតំបន់ឧស្សាហកម្មជាដើម ។

លោកបន្ថែមថា បច្ចុប្បន្ននេះ នៅខេត្តព្រះសីហនុមានអគារដែលជាប់គាំងប្រមាណជាង១៦០០អគារ ហើយអគារជាប់គាំងទាំងនេះ ក៏នឹងត្រូវរៀបចំទៅតាមតំបន់ៗផងដែរ ដើម្បីឱ្យវិនិយោគិនថ្មីៗ និងវិនិយោគិនចាស់ៗដែលគាត់ធ្លាប់មកវិនិយោគអាចមកបណ្ដាក់ទុនវិនិយោគលើគម្រោងអគារទាំងនោះ ។

ជាការកត់សម្គាល់ វិនិយោគិនចិន និងបរទេសផ្សេងៗទៀតបាននិងកំពុងចាប់អារម្មណ៍ លើការវិនិយោគក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់ ជាក់ស្ដែងកាលពីថ្ងៃទី២៩ មីនា ២០២៣នេះ មានវិនិយោគិនប្រមាណ៥០ក្រុមហ៊ុន / សហគ្រាស បានមកសិក្សាពីសក្ដានុពលនិងឱកាសវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយរំពឹងថាពួកគេនឹងបណ្ដាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តព្រះសីហនុ នាពេលឆាប់ៗនេះផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here