ប្រទេសវៀតណាមត្រូវការថវិកា១១,៥ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផ្ទុកប្រេងឥន្ធនៈជាតិនៅឆ្នាំ២០៣០

0

ដោយ: គង់ លាងហួរ

ហាណូយ: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសវៀតណាម នឹងត្រូវការការវិនិយោគរហូត ដល់ទំហំ២៧០ពាន់ពាន់លានដុង(១១,៥១ពាន់លានដុល្លារ) ដើម្បីពង្រីកប្រព័ន្ធផ្ទុកប្រេងឥន្ធនៈជាតិរបស់ខ្លួននៅឆ្នាំ២០៣០។

យោងតាមកាសែត Dau Tu បានរាយការណ៍ថា ការវិនិយោគនេះ នឹងបង្កើនសមត្ថភាពផ្ទុកប្រេងឆៅ និងចម្រាញ់របស់ប្រទេសនេះ រហូតដល់៧៥ទៅ៨០ថ្ងៃនៃការនាំចូលសុទ្ធ។

ទូរទស្សន៍រដ្ឋវៀតណាម VOV បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien ដែលបានមានប្រសាសន៍ថា “សមត្ថភាពផ្ទុកប្រេងឥន្ធនៈ បច្ចុប្បន្នរបស់ប្រទេសវៀតណាមឈរនៅត្រឹម៦៥ថ្ងៃនៃការនាំចូលសុទ្ធ”។

ប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលជាមជ្ឈមណ្ឌ​លផលិតកម្មក្នុងតំបន់ កំពុងប្រឈមមុខនឹងបញ្ហាការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដោយសារការផ្គត់ផ្គង់ជាសកលមានភាពតឹងតែង ឬមានដំណើរការខុសប្រក្រតី នៃរោងចក្រចម្រាញ់ប្រេងក្នុងស្រុករបស់ខ្លួន។

ក្រសួងខាងលើបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅថ្ងៃសុក្រនេះថា “ប្រសិនបើផែនការនេះ ត្រូវបានអនុម័ត ដោយក្រុមអ្នកបង្កើតគោលនយោបាយ នោះវានឹងដាក់ទិសដៅសម្រាប់ក្រុមហ៊ុននានា ក្នុងការសាងសង់ ពង្រីក និងធ្វើទំនើបកម្មប្រព័ន្ធផ្ទុកប្រេងឥន្ធនៈដែលមានស្រាប់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here