ដោយ: គង់ លាងហួរ
សិង្ហបុរី: តម្លៃផ្ទះឯកជននៅក្នុងប្រទេសសិង្ហបុរី បានកើនឡើង៣,២ភាគរយ នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៣នេះ។ នេះបើយោងតាមការព្យាករណ៍ផ្លូវការ ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) នៅថ្ងៃចន្ទនេះ។
សន្ទស្សន៍អចលនទ្រព្យលំនៅដ្ឋានឯកជន ក្នុងត្រីមាសទីមួយបានកើនឡើងដល់១៩៤,៦ពិន្ទុ ពោលគឺកើនឡើង៦ពិន្ទុ។ ទោះជាយ៉ាងនេះក្តី ការលក់បានធ្លាក់ចុះប្រហែល៨ភាគរយ លើមូលដ្ឋានត្រីមាស និងប្រហែល៣៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគរបស់ក្រុមហ៊ុន OrangeTee & Tie បានមានប្រសាសន៍ថា “ការលក់ដ៏យឺតយ៉ាវនេះបង្ហាញថា ការធ្លាក់ចុះលទ្ធភាពទទួលបានបានធ្វើឱ្យប៉ះពាល់ដល់អ្នកទិញ ដ៏មានសក្ដានុពលមួយចំនួនដែលប្រឈមមុខនឹងបញ្ហាប្រឈមទ្វេរដង នៃអត្រាការប្រាក់ហក់ឡើងខ្ពស់ និងកំណើនតម្លៃ”។
តម្លៃនៃអចលនទ្រព្យលំនៅដ្ឋានឯកជន ដែលជាប់ដីនៅក្នុងតំបន់ស្នូលកណ្តាល (CCR) បានកើនឡើង១ភាគរយ ធៀបនឹងការកើនឡើង០,៧ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២។ ចំណែកតម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងតំបន់សេសសល់នៃតំបន់កណ្តាល (RCR) បានកើនឡើង៤ភាគរយ ធៀបនឹងការកើនឡើង៣,១ភាគរយកាលពីត្រីមាសទី៤។
លោកស្រី Sun បានបន្ថែមថា “ផ្ទះឯកជនកាន់តែច្រើន នឹងត្រូវដាក់ឱ្យដំណើរការលក់ នៅក្នុងទីតាំងសំខាន់ៗ និងតំបន់ជាប់ទីក្រុងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយជាលទ្ធផល ប្រតិបត្តិការដែលពាក់ព័ន្ធនឹងផ្ទះ ដែលមានតម្លៃថ្លៃជាងនេះ អាចជួយជំរុញដល់សន្ទស្សន៍តម្លៃរួមបន្ថែមទៀត”៕