ធនាគារពិភពលោកបង្កើនទស្សនវិស័យកំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣ដល់២ភាគរយ

0

ដោយ: គង់ លាងហួរ
វ៉ាសុីនតោន: ធនាគារពិភពលោកបានបង្កើនទស្សនវិស័យកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣បន្តិចទៅដល់២ភាគរយ ពីការព្យាករណ៍ខែមករា១,៧ភាគរយ ប៉ុន្តែការធ្លាក់ចុះពីកំណើនខ្លាំងនៅឆ្នាំ២០២២ នឹងបង្កើនបញ្ហាបំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

លោក David Malpass ប្រធានធនាគារពិភពលោក បានថ្លែងប្រាប់ដល់សន្និសីទសារព័ត៌មានមួយថា “ការបង្កើនទស្សនវិស័យនេះគឺដោយសារតែការងើបឡើងវិញរបស់ប្រទេសចិនពីការបិទខ្ទប់ជំងឺកូវីដ-១៩”។

ឥឡូវនេះ កំណើនសេដ្ឋកិច្ចចិនត្រូវបានព្យាករណ៍ក្នុងអត្រា៥,១ភាគរយសម្រាប់ឆ្នាំ២០២៣នេះ បើប្រៀបធៀបទៅនឹង៤,៣ភាគរយនៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលខែមករារបស់ធនាគារពិភពលោក។

លោក Malpass បានបន្តថា បណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននានា រួមទាំងសហរដ្ឋអាមេរិកផងដែរ កំពុងតែធ្វើបានល្អជាងការរំពឹងទុករបស់ធនាគារពិភពលោកបន្តិចនៅក្នុងខែមករា។

ប៉ុន្តែប្រធានធនាគារពិភពលោករូបនេះក៏បានព្រមានដែរថា ភាពចលាចលក្នុងវិស័យធនាគារ និងតម្លៃប្រេងហក់ឡើងថ្លៃអាចដាក់សម្ពាធធ្លាក់ចុះម្តងទៀតលើទស្សនវិស័យកំណើនសេដ្ឋកិច្ចនៅចុងឆ្នាំ២០២៣នេះ។

លោក Malpass បានបន្តទៀតថា“កិច្ចប្រជុំបច្ចេកទេសនៅសប្តាហ៍នេះជាមួយក្រុមមន្ត្រីចិនអាចជួយបន្ធូរបញ្ហាស្តីពីចលនាសក្តានុពលលើការបន្ធូរបន្ថយបំណុលដែលមានតម្រូវការយ៉ាងខ្លាំងសម្រាប់បណ្តាប្រទេសក្រីក្រជាច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here