អ្នកជំនាញ: ទីផ្សារអចលនទ្រព្យវៀតណាម កំពុងជួបវិបត្តិឥណទានដែលត្រូវដោះស្រាយបន្ទាន់

0

សុខុម

ហាណូយ: អ្នកជំនាញបានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើនដែលទីផ្សារអចលនទ្រព្យវៀតណាម កំពុងបន្តជួបប្រទះ ចាំបាច់ត្រូវមានដំណោះស្រាយសមស្របផ្នែកច្បាប់ រដ្ឋបាល និងដំណោះស្រាយហិរញ្ញវត្ថុជាបន្ទាន់ ជាពិសេសផ្នែកឥណទាន។

ការព្រួយបារម្ភនេះត្រូវបានលើកឡើងដោយសាស្រ្តាចារ្យ Ngo Tri Long ប្រធានវិទ្យាស្ថានស្រាវជ្រាវតម្លៃ (Price Research Institute) នៃក្រសួងហិរញ្ញវត្ថុវៀតណាម ក្នុងសិក្ខាសាលាស្តីពីការពង្រឹង និងការអភិវឌ្ឍន៍មូលធនសម្រាប់វិស័យអចលនទ្រព្យក្នុងស្រុកដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៩ ខែមេសា ដោយសមាគមប្រឹក្សាហិរញ្ញវត្ថុវៀតណាម (VFCA)។

បណ្ឌិត Le Minh Nghia អនុប្រធានសមាគមប្រឹក្សាហិរញ្ញវត្ថុវៀតណាម (VFCA) បានលើកឡើងអំឡុងកិច្ចពិភាក្សាថា មូលធនភាគច្រើនដែលតម្រង់ទិសទៅរកទីផ្សារអចលនទ្រព្យគឺច្រើនខ្លាំងណាស់ ហើយជាធម្មតាវាជាទម្រង់នៃការវិនិយោគរយៈពេលមធ្យមទៅរយៈពេលវែង។

ទោះជាយ៉ាងណា សម្រាប់រយៈពេលជាច្រើនឆ្នាំមកនេះ ទីផ្សារអចលនទ្រព្យវៀតណាម បានពឹងផ្អែកយ៉ាងខ្លាំងទៅលើឥណទានធនាគារដែលស្មើជិត២០%នៃមូលធនសរុបរបស់ប្រទេសនេះ។

ដោយសារតែមើលឃើញបែបនេះ រដ្ឋាភិបាលវៀតណាម កាលពីពេលថ្មីៗនេះបានខិតខំស្វះស្វែងធ្វើពិពិធកម្មប្រភពមូលធនតាមរយ:ការបោះផ្សាយមូលបត្របំណុល ការលក់ភាគហ៊ុន និងការពឹងផ្អែកលើការវិនិយោគបរទេសជាដើម ដើម្បីជំរុញការងើបឡើងវិញ និងកំណើននៅក្នុងទីផ្សារអចលនទ្រព្យ។

ទោះជាយ៉ាងណា យោងតាមបណ្ឌិត Le Minh Nghia ឱ្យដឹងថា ចាប់ពីរយ:ពេល៦ខែចុងក្រោយនៃឆ្នាំ២០២២ ទីផ្សារអចលនទ្រព្យ និងអាជីវកម្មនានាបានប្រឈមនឹងការលំបាកជាច្រើន ជាពិសេសជួបការលំបាកផ្នែកសាច់ប្រាក់ មូលធន និងនីតិវិធីច្បាប់។

ក្រៅពីនេះ កត្តាអត្រាការប្រាក់កម្ចីឥណទានហក់ឡើង ប្រេងឥន្ធន:ឡើងថ្លៃ សម្ភារៈសំណង់ឡើងថ្លៃ ថ្លៃឈ្នួលកម្លាំងពលកម្មកើនឡើង បានធ្វើឱ្យថ្លៃផលិតកម្មហក់ឡើងកាន់តែខ្ពស់សម្រាប់អាជីវកម្មអចលនទ្រព្យ។ កត្តាទាំងអស់នោះបានបណ្តាលឱ្យគម្រោងអភិវឌ្ឍន៍ជាច្រើនត្រូវជាប់គាំង។

លោក Nghia បានបន្ថែមទៀតថា ជាពិសេស ការរឹតបន្តឹងលើឥណទានពីដំណាក់រដ្ឋ បន្ទាប់ពីបណ្ដាអាជីវកម្មអចលនទ្រព្យបានសាងកំហុសនៅក្នុងការបោះផ្សាយមូលបត្របំណុលជាលក្ខណៈបុគ្គល និងក្រឡុកតម្លៃភាគហ៊ុន បានធ្វើឱ្យអាជីវកម្មអចលនទ្រព្យកាន់តែលំបាកទទួលបានឥណទាន។

ហើយដើម្បីដោះស្រាយបញ្ហាលំបាកទាំងនោះនៅក្នុងការផ្តល់ឥណទានសម្រាប់ទីផ្សារអចលនទ្រព្យ សាស្រ្តាចារ្យ Ngo Tri Long លើកឡើងថា វាជាការចាំបាច់ណាស់ដែលរដ្ឋត្រូវផ្តោតលើឥណទានសម្រាប់គម្រោងអចលនទ្រព្យស្របច្បាប់ និងដែលអាចអនុវត្តបាន និងផ្នែកលំនៅដ្ឋានដែលទីផ្សារនេះមានតម្រូវការពិតប្រាកដ៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here