ដោយៈ សុខុម
តូក្យូ: តម្លៃបន្ទប់សណ្ឋាគារបាន និងកំពុងហក់ឡើងខ្ពស់នៅទូទាំងប្រទេសជប៉ុប ខណៈភ្ញៀវទេសចរណ៍សម្រុកត្រលប់ទៅដើរលេងកម្សាន្តនៅប្រទេសនេះឡើងវិញ បន្ទាប់ពីបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនក្នុងវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩។
ការស្ទង់មតិបង្ហាញថា ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ តម្លៃសណ្ឋាគារ បានហក់ឡើងប្រមាណ១៥% បើធៀបនឹងឆ្នាំសារពើពន្ធ២០១៩ មុនពេលផ្ទុះវិបត្តិកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា។
STR 2023 ដែលជាក្រុមហ៊ុនស្រាវជ្រាវ របស់សហរដ្ឋអាមេរិក ឯកទេសខាងឧស្សាហកម្ម បដិសណ្ឋារកិច្ចបានឱ្យដឹងថា តម្លៃជាមធ្យម សម្រាប់បន្ទប់សណ្ឋាគារក្នុងប្រទេសជប៉ុន រវាងត្រីមាសទី១ ដើមឆ្នាំ២០១៩ និងត្រីមាសទី១ ដើមឆ្នាំ២០២៣ មានភាពខុសគ្នាក្នុងរង្វង់១៦ដុល្លារអាមេរិក ដែលចាត់ថាជាតួលេខខ្ពស់។
តម្លៃបន្ទប់ជាមធ្យមហក់ឡើង ប្រមាណ១៥% ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ បើធៀបនឹងឆ្នាំសារពើពន្ធ២០១៩។
លោក Shiori Sakurai នាយកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនSTR 2023 បានគូសបញ្ជាក់ថា ការឡើងថ្លៃនេះគឺដោយសារមានកត្តារួមផ្សំជាច្រើន រួមមាន យុទ្ធនាការគាំទ្រដំណើរកម្សាន្តទូទាំងប្រទេស ភ្ញៀវទេសចរអ្នកមាន មកពីសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងបារាំង ប្រាក់យ៉េន ចុះថោក និងការឡើងថ្លៃទំនិញ ជាពិសេសថ្លៃថាមពលហក់ឡើងខ្ពស់។
ក្រុមហ៊ុនខ្សែសង្វាក់សណ្ឋាគារ ក្នុងស្រុកដ៏ធំ APA Group បាននិយាយថា គិតត្រឹមថ្ងៃទី៣១ ខែមីនា អត្រាតម្លៃបន្ទប់សណ្ឋាគារសម្រាប់ឆ្នាំសារពើពន្ធ២០២៣ បានហក់ឡើងលើសទ្វេរដង បើធៀបនឹងសារពើពន្ធ២០១៩៕ Japan Times៕