ដោយៈ សហការី
ភ្នំពេញៈ ក្នុងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញមានបញ្ហាកើតឡើងជាបន្តបន្ទាប់ ទាំងបញ្ហាតូច និងបញ្ហាធំដែលបណ្តាលអោយមានផលប៉ះពាល់ដល់ វិស័យអចលនទ្រព្យគួរឲ្យកត់សម្គាល់ តួយ៉ាងដូចជា ផ្នែកអភិវឌ្ឍដីឡូត៍ហាក់ឃើញមានបញ្ហា និងក្តីកង្វល់ច្រើនជាងគេ ក្នុងចំណោមបណ្តាអចលនទ្រព្យផ្សេងទៀត។
លោកឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្នុងនាមយើងខ្ញុំជាថ្នាក់ដឹកនាំសមាគម និងជាអ្នកអភិវឌ្ឍន៍ សូមផ្តល់ព័ត៌មាន និងលើកទឹកចិត្តជូនបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកវិនិយោគដីឡូត៍គប្បីសិក្សាព័ត៌មាន មុនពេលសម្រចចិត្តទិញដីឡូត៍ទាំងនោះ ដើម្បីជៀងវាងមានបញ្ហា ព្រមទាំងខាតបង់ថវិកា និងពេលវេលា ដែលមាន២ចំណុចសំខាន់ៗដូចខាងក្រោម
ទី១ ពាក់ព័ន្ធនឹងផ្លូវច្បាប់ សម្រាប់ក្រុមហ៊ុនត្រូវមាន
– វិញ្ញាបនបត្រ ចុះបញ្ជីពាណិជ្ជកម្ម ក្នុងក្រសួងពាណិជ្ជកម្ម។
– បណ្ណពន្ធប៉ាតង់ ចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ។
– វិញ្ញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)ត្រឹមត្រូវ។
-មានលិខិតអនុញ្ញាតអភិវឌ្ឍដី ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
-មានអាជ្ញាប័ណ្ណអភិវឌ្ឍដីឡូត៍ ពីនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
-មានប្លង់រឹងបំបែកក្បាលដីរួចរាល់(ប្រសិនបើមាន)។
ទី២ កត្តាគម្រោងមាន
-ទីតាំងមានសក្តានុពល និងមិនឆ្ងាយពីទីប្រជុំជន ឬតំបន់អភិវឌ្ឍធំៗ។
-ផែនការមេសម្រាប់អភិឌ្ឍគម្រោងត្រឹមត្រូវ។
-សកម្មភាពអភិវឌ្ឍជាបន្តបន្ទាប់។
-ក្រុមហ៊ុន និងម្ចាស់គម្រោងមានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម។
-គម្រោងមានគុណតម្លៃ គ្រប់គ្រាន់។
-តម្លៃលក់សមរម្យ ក្នុងទីផ្សារ។
-មានប្លង់ អាចប្រើប្រាស់អាស្រ័យផលបានភ្លាមៗ។
លោកឧកញ៉ាម៉ន សុខាបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ និងអតិថិជនដីឡូត៍ទាំងអស់ ស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ ការទិញអចលនទ្រព្យពីគម្រោង ដែលស្របច្បាប់ និងគុណវិបត្តិនៃការទិញ អចលនទ្រព្យគម្រោងខុសច្បាប់ ព្រមទាំងអំពាវនាវឲ្យសាធារណជន និងអតិថិជន គាំទ្រគម្រោងអភិវឌ្ឍមានអាជ្ញាបណ្ណត្រឹមត្រូវ និងស្របច្បាប់ ពី ន.អ.ប និងបន្តបង់ប្រាក់ប្រចាំជូនគម្រោង ដែលស្របច្បាប់តាមកិច្ចសន្យាទិញ លក់របស់លោកអ្នក៕