អគ្គនាយកគេហទំព័រPropertyarea.asia និងសហស្ថាបនិកCambodiafinancialtimes.com លោកយិន លាងគង់ សូមសម្ដែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ទទួលបានគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។
ការផ្តល់គោរមងារកិត្តិយស “ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោក” គឺជាការទទួលស្គាល់នូវស្នាដៃ របស់លោកបណ្ឌិតដែលប្រកាន់ខ្ជាប់នូវការលើកកម្ពស់ និងអនុវត្តន៍តាមគន្លងព្រះពុទ្ធសាសនា ជាពិសេសភាពជាអ្នកដឹកនាំ ក្នុងការលើកកម្ពស់ការអប់រំពលរដ្ឋ អំពីសីលធម៌ទូទៅ និងក្រមសីលធម៌បែបព្រះពុទ្ធសាសនា និងការលះបង់របស់លោកបណ្ឌិត ក្នុងការរក្សាឱ្យបាននូវសុខសន្តិភាព វិបុលភាព និងការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ ដោយការប្រមូល និងចល័តគ្រូពេទ្យ និស្សិតពេទ្យ និងអ្នកស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលសុខភាព ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅកម្ពុជា។