ខេត្តសៀមរាបនឹងបង្កើតទីក្រុងថ្មីចំនួន២នាពេលខាងមុខនេះ

0

ដោយៈ គង់ សូរិយា

សៀមរាបៈ អភិបាលរងខេត្តសៀមរាប លោកអ៊ឹង គឹមលាងបានបង្ហើបឲ្យដឹងថា នាពេលខាងមុខខេត្តសៀមរាប នឹងមានទីក្រុងថ្មីចំនួន២ ដែលនឹងសាងសង់ឡើង។

លោកអភិបាលរងខេត្តសៀមរាប បានលើកឡើងបែបនេះក្នុងពេលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ លោកទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងជំនួបធ្វើគារវកិច្ចជាមួយគណៈប្រតិភូសមាគមអន្តរជាតិ នៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំង  ដឹកនាំដោយលោកស្រី អារីយ៉ាណា អដេសស៊ី ទីប្រឹក្សាគណៈប្រតិភូសមាគមអន្តរជាតិ នៃបណ្តាអភិបាលក្រុងប្រើប្រាសភាសាបារាំង (AIMF)  ដោយមានការចូលរួមពីអស់លោក លោកស្រីជា នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តសៀមរាប ។

លោកអ៊ឹង គឹមលាងបានបន្តថា “នៅពេលខាងមុខនេះ ខេត្តសៀមរាប និងបង្កើតក្រុងថ្មីចំនួន២ ព្រមទាំងធ្វើឲ្យក្រុងសៀមរាប បែ្រក្លាយទៅជាទីក្រុងវៃឆ្លាតទៀតផង”។

កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនYunan ដែលកំពុងវិនិយោគសាងសង់ព្រលានយន្តហោះថ្មីខេត្តសៀមរាប បានគោរពស្នើសុំសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីសាងសង់ទីក្រុងមួយអម នឹងព្រលានយន្តហោះថ្មីខេត្តសៀមរាប (Airport City ដែលមានទំហំផ្ទៃដី១០០០ហិកតា។

ជាមួយគ្នានេះ កាលពីឆ្នាំមុ​នសម្តេចតេជោក៏បានអនុម័តគំរោងសាងសង់ទីក្រុងសៀមរាបថ្មី ដែលដាក់ឈ្មោះGrand City Siem Reap ដែលជាប្រភេទទីក្រុងឆ្លាតវៃ និងជាទីក្រុងដែលអ្នកអភិវឌ្ឍន៍នានាអាចសាងសង់អាគារខ្ពស់បាន ខណៈទីក្រុងសៀមរាបបច្ចុប្បន្ន​មិនអាចសាងសង់អាគារខ្ពស់បាននោះទេ ដោយសារទីក្រុងបុរាណនេះស្ថិតក្រោមការអភិវឌ្ឍន៍របស់អង្គការUNESCO។

ទាក់ទងនឹងជំនួបខាងលើនេះ លោកអ៊ឹង គឹមលាងបានបញ្ជាក់ជូនប្រតិភូអំពី វឌ្ឍនភាពនៃការអភិវឌ្ឍន៍របស់ខេត្ត សៀមរាប ក្រោមការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អំណោយដ៏ថ្លៃថ្លា នូវផ្លូវ៣៨ខ្សែ និងដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ ក្នុងក្រុងសៀមរា​ប ព្រមទាំងធ្វើការកែលម្អរ ដងស្ទឹងប្រវត្តិសាស្ត្រស្តារឡើងវិញ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាល ក្នុងការបម្រើដល់វិស័យ ទេសចរណ៍ ដើរកម្សាន្តក្រៅពីប្រាង្គប្រាសាទ។

លោកបញ្ជាក់ថា “ខេត្តសៀមរាបមានសក្តានុពល លើវិស័យ ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង កសិកម្ម។ តែដោយជួបនូវវិបត្តិកូវីដ-១៩ នៅលើពិភពលោក និយាយដោយឡែក នៅកម្ពុជា ពិសេសខេត្តសៀមរាប បានធ្វើឲ្យវិស័យទេចរណ៍ធ្លាក់ចុះយ៉ាងខ្លាំង បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងគ្រួសារ”។

លោកអភិបាលរងខេត្ត ក៏បានលើកនូវសំណូមពរមួយចំនួន ទៅគណៈប្រតិភូ ដើមី្បធ្វើកិច្ចសហប្រតិបត្តិការ ជាមួយខេត្តសៀមរាប ដោយផ្តោតសំខាន់ទៅលើបរិស្ថាន និងអនាម័យ និងការបណ្តុះបណ្តាលធនធានមនុស្ស ទៅលើបច្ចេកទេសដល់ខេត្តសៀមរាបផងដែរ ។

លោកស្រី អារីយ៉ាណា អដេសស៊ី ទីប្រឹក្សាគណៈប្រតិភូសមាគមអន្តរជាតិ នៃបណ្តាអភិបាលក្រុងប្រើប្រាសភាសាបារាំង ( AIMF) ក៏បានធ្វើការកោតសរសើរ ចំពោះកិច្ចអភិវឌ្ឍន៍ក្រុងបុរាណឲ្យកាន់តែមានសោភណ្ឌភាពស្រស់ស្អាត ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ សំខាន់លើវិស័យទេសចរណ៍។

លោកស្រីបានបន្តទៀតថា  ខេត្តសៀមរាប ជាសមាជិកមួយដ៏សំខាន់របស់ (AIMF) ព្រមទាំងបានធ្វើកិច្ចការងារជាមួយគ្នា(AIMF) ដើមី្បសហការជាមួយខេត្តសៀមរាប និងអភិវឌ្ឍន៍ខេត្តសៀមរាប ។

លោកស្រីក៏បានបញ្ជាក់ អំពីបញ្ហាប្រឈមរបស់ខេត្តសៀមរាប ដែលបាន ជួបប្រទះ ដែលកំពុងស្វែងរកដំណោះស្រាយ ហើយរាល់ចំណុចដែលរដ្ឋបាលខេត្តលើកឡើង និងយកទៅធ្វើកិច្ចពិភាក្សា សំខា​ន់លើបញ្ហាទឹក និងការបម្រែបម្រួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here