វិស័យសំណង់នៅវៀតណាម កំពុងជួបវិបត្តិបំណុលធ្ងន់ធ្ងរយ៉ាងរីករាលដាល

0

ដោយ៖ សុខុម

ហាណូយ: ក្រុមហ៊ុនសាងសង់ជាច្រើននៅវៀតណាម ពេលនេះកំពុងតែជួបវិបត្តិបំណុលធ្ងន់ធ្ងរយ៉ាងរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ទោះជាគ្មានទិន្នន័យបញ្ជាក់ពីចំនួនជាក់លាក់នៃបំណុលស្អុយយ៉ាងណាក្ដី។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២២ ខែឧសភា។

លោក Le Hong Minh ប្រធានក្រុមហ៊ុនសាងសង់ 2T Corporation បានអះអាងថា លោកមិនដែលឃើញស្ថានភាពធ្ងន់ធ្ងរបែបនេះនៅក្នុងវិស័យសំណង់អស់រយៈពេល៤០ឆ្នាំមកហើយ។ ការប្រមូលបំណុលនៅពេលនេះបានក្លាយជាអាទិភាពខ្ពស់សម្រាប់បណ្ដាក្រុមហ៊ុនខ្នាតតូច និងមធ្យម។

ហើយក្រុមហ៊ុនរបស់លោកក៏មិនខុសពីក្រុមហ៊ុនដទៃនោះដែរ។ លោកអះអាងថា បំណុលដែលអ្នកវិនិយោគលើសំណង់ជំពាក់ក្រុមហ៊ុន 2T Corporation មានចំនួន៨,៥លានដុល្លារអាមេរិក ដែលខ្ពស់ជាង២ដងបើធៀបនឹងតម្លៃសរុបនៃទ្រព្យសកម្មចំនួន៤,២៥លានដុល្លារអាមេរិក របស់ខ្លួន។

ក្រុមហ៊ុននេះគ្មានជម្រើសអ្វីផ្សេងក្រៅពីផ្អិបការផ្ទេរផ្ទះដែលសាងសង់រួចមួយចំនួន ឱ្យទៅអ្នកវិនិយោគ ដើម្បីដាក់គំនាបឱ្យពួកគេទូទាត់បំណុលនោះឡើយ។ ជាលទ្ធផល អាផាតម៉ិនរាប់សិបយូនីតត្រូវបានផ្អិបទុកដោយសារអ្នកវិនិយោគខកខានមិនទូទាត់បំណុលតាមពេលវេលាកំណត់។

ប្រធានក្រុមហ៊ុនរូបនេះបានធ្វើការកត់សម្គាល់ថា ការមិនទូទាត់ប្រាក់របស់អ្នកវិនិយោគបានរុញច្រានក្រុមហ៊ុនម៉ៅការជាច្រើនឱ្យជួបវិបត្តិហិរញ្ញវត្ថុ និងខ្លះទៀតរហូតឈានទៅដល់ការប្រកាសក្ស័យធន។ អ្នកវិនិយោគជាច្រើនរហូតមកទល់ពេលនេះបានបដិសេធមិនព្រមទូទាត់នោះទេ ទោះបីជាពួកគេទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីការលក់ផ្ទះដែលត្រូវបានផ្ទេរទៅឱ្យក៏ដោយ។

ក្រុមហ៊ុនម៉ៅការតិចតួចណាស់ដែលបានចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងអ្នកវិនិយោគ ដែលខកខានទូទាត់បំណុករបស់ពួកគេ។ ក្រុមហ៊ុនទាំងនោះត្រូវចំណាយពេលរហូតដល់ទៅប្រមាណ៣ទៅ៥ឆ្នាំទម្រាំទទួលបានការដោះស្រាយ ប៉ុន្តែជាលទ្ធផលដើមបណ្តឹងបានទទួលប្រាក់របស់ពួកគេត្រលប់វិញត្រឹមតែ៣០%ប៉ុណ្ណោះ។

ប្រធានក្រុមហ៊ុនរូបនេះបានគូសបញ្ជាក់ថា មានកត្តា២ដែលស្ថិតនៅពីក្រោយទំនោរខកខានទូទាត់បំណុលពីសំណាក់អ្នកវិនិយោគ ទី១៖ អ្នកវិនិយោគមានប្រៀបជាងនៅក្នុងការចរចា និងទី២៖ ភាពចន្លោះប្រហោងផ្លូវច្បាប់៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here