ការសិក្សា: វិស័យសំណង់ អចលនទ្រព្យ ភោជនីយដ្ឋានថៃ នឹងរងផលប៉ះពាល់ខ្លាំងបំផុតដោយការដំឡើងប្រាក់ឈ្នួល

0

ដោយ៖ សុខុម

បាងកក: អាជីវកម្មនានានៅក្នុងប្រទេសថៃ មានការព្រួយបារម្ភថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាអាចជះផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការ និងប្រាក់ចំណេញរបស់ពួកគេ។

នេះជាព័ត៌មានលម្អិតមួយចំនួនដែលផ្តល់ដោយក្រុមហ៊ុនមូលបត្រ Asia Plus Securities ស្តីពីផលប៉ះពាល់ដែលការដំឡើងប្រាក់ឈ្នួលអប្បរមាបង្កឡើងទៅលើឧស្សាហកម្មសំខាន់ៗដូចខាងក្រោម៖

*វិស័យសំណង់

ឧស្សាហកម្មសំណង់ដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្ម នឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ដោយសារតម្លៃពលកម្មដែលកើនឡើងកាន់តែខ្ពស់ នឹងធ្វើឱ្យអត្រាប្រាក់ចំណេញសុទ្ធរបស់ខ្លួនធ្លាក់ចុះ។ សូម្បីការផ្លាស់ប្តូរតិចតួចក្នុងរចនាសម្ព័ន្ធប្រាក់ឈ្នួល ក៏អាចមានឥទ្ធិពលគួរឱ្យកត់សម្គាល់មកលើប្រាក់ចំណេញក្នុងឧស្សាហកម្មនេះផងដែរ។

*អចលនទ្រព្យប្រភេទឧស្សាហកម្ម

ផលប៉ះពាល់លើការលក់ដីឧស្សាហកម្មទំនងជាមានកម្រិត។ នៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ជាពេលដែលប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាត្រូវបានដំឡើងពី២១៥បាត (៦,២០ដុល្លារ) ទៅ៣០០បាត (៨,៦៥ដុល្លារ) ដែលកើនឡើងប្រមាណ៤០%នៃការលក់ដីឧស្សាហកម្ម មិនបានទទួលរងផលប៉ះពាល់ទេដោយសារពន្ធលើប្រាក់ចំណូលសាជីវកម្មក៏ត្រូវបានកាត់បន្ថយផងដែរ។

*ការអភិវឌ្ឍអចលនទ្រព្យ

ការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់៤៥០បាត (១៣ដុល្លារ) ក្នុងមួយថ្ងៃនឹងជះផលប៉ះពាល់ជាអវិជ្ជមានមកលើថ្លៃដើមនៃការអភិវឌ្ឍគម្រោងលំនៅដ្ឋាន។ ប្រសិនបើថ្លៃដើមផ្សេងៗទៀតមិនកើនឡើង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រហែលជាត្រូវកែសម្រួលតម្លៃលក់របស់ពួកគេពី៥%ទៅ១០% ដើម្បីរក្សាបានប្រាក់ចំណេញ។

*វិស័យទេសចរណ៍ និងអាកាសយានដ្ឋាន

សណ្ឋាគារប្រហែលជារងផលប៉ះពាល់លើប្រាក់ចំណេញសុទ្ធរបស់ខ្លួន ដោយសារថ្លៃកម្លាំងពលកម្មដែលស្មើប្រមាណ២៥%ទៅ៣០%នៃចំណាយប្រតិបត្តិការរបស់ពួកគេ។ ទោះជាយ៉ាងណា សណ្ឋាគារប្រហែលជាអាចយកឈ្នះលើបញ្ហានេះបានតាមរយៈការដំឡើងថ្លៃសេវារបស់ខ្លួន។

ម្យ៉ាងវិញទៀត អាកាសយានដ្ឋានអាចទទួលរងផលប៉ះពាល់តិចតួចបំផុត ពីព្រោះទោះបីជាប្រាក់ខែរបស់បុគ្គលិកមានចំនួន៣២%នៃចំណាយប្រតិបត្តិការក៏ដោយ ក៏ពួកគេមិនផ្អែកលើអត្រាប្រាក់ឈ្នួលអប្បបរមានោះទេ។

*ថាមពល និងគីមីឥន្ធនៈ

ឧស្សាហកម្មថាមពលមិនពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មនោះទេ ហើយការចំណាយលើបុគ្គលិកគឺភាគច្រើនជាទម្រង់ប្រាក់ខែ និងប្រាក់រង្វាន់។ ដូច្នេះការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងមិនប៉ះពាល់ដោយផ្ទាល់ដល់រចនាសម្ព័ន្ធចំណាយ ឬដំណើរការរបស់ក្រុមហ៊ុនក្នុងវិស័យនេះដែរ។

*វិស័យលក់រាយ

អត្រាប្រាក់ឈ្នួលប្រចាំថ្ងៃ៤៥០បាត (១៣ដុល្លារ) នឹងជះផលប៉ះពាល់ជាមធ្យមមកលើវិស័យលក់រាយ ទោះបីជាប្រាក់ឈ្នួលអប្បបរមាដែលកម្មករនិយោជិតទទួលបានមានកម្រិតតិចតួច បើធៀបនឹងកម្លាំងការងារសរុបក៏ដោយ។ ទោះជាយ៉ាងណា ការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មនេះក្នុងរយៈពេលវែង នៅពេលអំណាចនៃការទិញរបស់អ្នកប្រើប្រាស់នឹងកើនឡើង។

*អាជីវកម្មភោជនីយដ្ឋាន

ដោយសារកម្មករនិយោជិតគ្របដណ្ដប់ប្រមាណ៥០%នៃថ្លៃប្រតិបត្តិការ ភោជនីយដ្ឋាននឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងលើប្រាក់ចំណេញ ប្រសិនបើប្រាក់ឈ្នួលអប្បបរមាកើនឡើង។ ការដំឡើងប្រាក់ឈ្នួល៣០%អាចធ្វើឱ្យប្រាក់ចំណេញធ្លាក់ចុះប្រមាណ១២%។

*ទូរគមនាគមន៍

ការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងមានផលប៉ះពាល់តិចតួចបំផុតលើប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឧស្សាហកម្មទូរគមនាគមន៍។ នេះក៏ព្រោះតែកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលខ្ពស់ជាងរួចទៅហើយ។ ក្រៅពីនេះ ឧស្សាហកម្មនេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងស្វ័យប្រវត្តិកម្មសម្រាប់កិច្ចការជាច្រើន។

សរុបមក ផលប៉ះពាល់នៃការដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាដល់៤៥០បាត (១៣ដុល្លារ) នឹងមានកម្រិត។ ទោះជាយ៉ាងណា វិស័យមួយចំនួនដូចជាវិស័យសំណង់ ការអភិវឌ្ឍអចលនទ្រព្យ ព្រមទាំងភោជនីយដ្ឋានជាដើម អាចជួបបញ្ហាប្រឈមដ៏លំបាកក្នុងការរក្សាបានប្រាក់ចំណេញ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here