ក្រុមហ៊ុន Adani Group គ្រោងបោះទុនច្រើនពាន់លានដុល្លារ សង់ផែសមុទ្រ និងគម្រោងថាមពលនៅវៀតណាម

0

ដោយ៖ សុខុម

ហាណូយ: រដ្ឋាភិបាលវៀតណាម បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទី២៤ ខែឧសភា ថា ក្រុមហ៊ុនឥណ្ឌា Adani Group កំពុងស្វះស្វែងបោះទុនវិនិយោគរហូតដល់ទៅ៣ពាន់លានដុល្លារអាមេរិក លើការសាងសង់កំពង់ផែសមុទ្រ និងគម្រោងថាមពលកកើតឡើងវិញនៅវៀតណាម។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីជំនួបមួយនៅទីក្រុងហាណូយ ក្នុងថ្ងៃដដែលរវាងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh និងលោក Karan Adani នាយកប្រតិបត្តិក្រុមហ៊ុន Adani Ports and Special Economic Zone ដែលរកស៊ីខាងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Adani Group ដែលរកស៊ីចាប់ពីប្រេងចម្អិនអាហាររហូតដល់ជីករ៉ែធ្យូងថ្ម។

លោក Pham Minh Chinh បានប្រាប់លោក Karan Adani ក្នុងជំនួបនោះថា “វៀតណាម មានឆន្ទៈក្នុងការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ក្រុមហ៊ុនធំៗរបស់ឥណ្ឌា រួមទាំងក្រុមហ៊ុន Adani ផងដេរនៅក្នុងការវិនិយោគ និងធ្វើអាជីវកម្មរកស៊ីនៅក្នុងប្រទេសនេះ”។

លោក Pham Minh Chinh បានបន្ថែមទៀតថា វៀតណាម ស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុន Adani លើកំពង់ផែ Lien Chieu Port ក្នុងទីក្រុងភាគកណ្ដាលដាណាង (Da Nang)។

មិនយូរទេក្រុមហ៊ុន Adani នឹងធ្វើការជាមួយបណ្ដាដៃគូ និងអ្នកពាក់ព័ន្ធវៀតណាម លើគម្រោងវិនិយោគជាក់លាក់ក្នុងប្រទេសនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ខាងលើដែលនិយាយថា ការវិនិយោគនេះអាចឈានដល់១០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលវែង៕ Vietnam Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here