ដោយៈគង់ សូរិយា
ភ្នំពេញៈ អគ្គនាយកនិយ័តករបរធនបាលកិច្ច (ន.ប.ធ) និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចុះអនុស្សរណៈនៃការយោគលក់គ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជា ជម្រុញការរីកចម្រើនលើវិស័យសំណង់។
វិស័យបរធនបាលកិច្ចកំពុងរីកចម្រើននៅកម្ពុជា ដោយទទួលបានការចុះបញ្ជីត្រឹមត្រូវ តាមច្បាប់កើនដល់ចំនួន៥១៩គំរោង ជាមួយទំហំបរធនខ្ពស់ជាង១ពាន់លានដុល្លារ គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ ២០២៣។
លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងអ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាកាលពីសប្តាហ៍មុន។
លោក សុខ ដារ៉ាបានមានប្រសាសន៍ឲ្យដឹងថា តាមរយៈការចុះ MoUនេះស្ថាប័នទាំង២ នឹងរួមគ្នាចូលរួមលើកស្ទួយការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កម្ពុជាតាមរយៈការផ្តល់ថ្នាល និងវេទិកាគាំទ្រសហគមន៍អ្នកអភិវឌ្ឍន៍លំនៅឋាន ការបង្កើតឱកាស និងផ្សារភ្ជាប់បណ្តាញធុរកិច្ចសំណង់ និងអចលនទ្រព្យ ការផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា និងការបំពេញតួនាទីដ៏មានប្រសិទ្ធភាព ក្នុងភាពជាដៃគូដ៏សកម្មរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម លើកស្ទួយធុរកិច្ចសំណង់ និងអចលនទ្រព្យ និងអភិវឌ្ឍន៍ផ្នែកឯកជននៅកម្ពុជា។
លោកថ្លែងថា តាមរយៈការចុះអនុស្សរណៈនេះ ន.ប.ធ នឹងបង្កើត និងចាប់យកកាលានុវត្តភាពយុទ្ធសាស្ត្រថ្មី ឆ្លើយតបនឹងនិន្នាការទីផ្សារ និងភាពប្រកួតប្រជែងក្នុងតំបន់ បង្កើតប្រព័ន្ធគ្រប់ជ្រុងជ្រោយ និងប្រព័ន្ធសហថាមភាព (Eco-System & Synergies System) និងសកម្មភាពយុទ្ធសាស្ត្រ ផ្តល់នូវតម្លៃបន្ថែមក្នុងការទាក់ទាញនូវលំហូរមូលធន និងការធានាសន្ទនីយភាពក្នុងធុរកិច្ចសំណង់ អចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋាន។
ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរ បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាថា អនុស្សរណៈនេះមានបំណង បង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រវាងនិយ័តករបរធនបាលកិច្ច និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងគោលដៅដើម្បីបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងលើវិស័យបរធនបាលកិច្ចនៅកម្ពុជា ក៏ដូចជាការជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចពីសំណាក់សមាជិក-សមាជិកានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលជាធុរជន និងជាក្រុមហ៊ុនអ្នកវិនិយោគក្នុងវិស័យអភិវឌ្ឍន៍សំណង់ បុរី និងលំនៅឋានឱ្យមានលទ្ធភាពសមស្រប ដើម្បីរៀបចំខ្លួនក្នុងការចូលរួម ក្នុងទីផ្សារបរធនបាលកិច្ចនៅកម្ពុជា។
អ្នកឧកញ៉ាបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងចូលរួមជាមួយនិយ័តករបរធនបាលកិច្ច ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីវិស័យបរធនបាលកិច្ចនៅកម្ពុជា ពិសេសឱ្យបានទៅដល់សមាជិក-សមាជិកា និងដៃគូសហប្រតិបត្តិការរបស់ខ្លួន ពាក់ព័ន្ធនឹងប្រតិបត្តិការបរធនបាលកិច្ច ច្បាប់ និងបទប្បញ្ញត្តិ។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានវត្តមាន និងបំពេញបេសកកម្មរបស់ខ្លួនជាង៨ឆ្នាំមកហើយ និងបច្ចុប្បន្នមានសមាជិកសរុប៧៤ក្រុមហ៊ុន ដែលជាអ្នកវិនិយោគលើវិស័យសំណង់ បុរី លំនៅឋាន និងខុនដូ៕