ដោយៈ ជេស៊ីកា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជួនបានបង្ហើបពីនិតិវិធីមួយចំនួន ទាក់ទងនឹងគំរោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េភ្នំពេញ អរិយក្សត្រ។
លោកស៊ុន ចាន់ថុលបានលើកឡើងក្នុងជំនួប ជាមួយលោកបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំកម្ពុជាកាលពីថ្ងៃទី៣១ ឧសភាកន្លងមកថា គម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) នឹងក្លាយជាចំណុចទាក់ទាញមួយនៅកណ្តាលរាជធានី និងជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាងពីរ។
លោកបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ មុននឹងឈានដល់ការកំណត់កាលបរិច្ឆេទ ប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ”។
ទោះជាយ៉ាងណាលោក មិនបញ្ជាក់ឲ្យដឹងពីនិតិវិធីឈានដល់ដំណាក់កាលណា និងឈានទៅបើកការដ្ឋានសាងសង់នាពេលណាជាក់លាក់នៅឡើយទេ។
ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំនៅកម្ពុជា បង្ហាញចំណាប់អារម្មណ៍លើវិស័យភស្តុភារកម្ម ក្នុងជំនួបសម្តែងការគួរសម ពិភាក្សាការងារ និងស្ញប់ស្ញែងចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣។
ក្នុងជំនួបនាឱកាសនោះ លោកបណ្ឌិត ឯកអគ្គរដ្ឋទូត បានធ្វើការស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងការបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិនេះ ឯកឧត្តមបានបង្ហាញសុច្ឆនៈយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជំរុញ និងពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគឯកជន ពីប្រទេសកូរ៉េ លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យភស្តុភារកម្ម បន្ទាប់ពីលោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការបញ្ចប់ផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជា ដែលនឹងធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន។
ដោយឡែក ក្នុងកាលៈទេសៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានរៀបចំការប្រកួតកីឡាស៊ីហ្គេម និងកំពុងបន្តរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះរហូតទទួលបានជោគជ័យ និងជាកិត្តិសព្ទថ្មីមួយទៀតលើឆាកអន្តរជាតិ ក្នុងវិស័យកីឡា។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកអគ្គរដ្ឋទូត ដែលទទួលបានការទុកចិត្តពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលជានិច្ចកាលតែងតែជួយកម្ពុជាក្នុងការអភិវឌ្ឍស្ទើរគ្រប់វិស័យ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍធនធានមនុស្ស៕