ការពង្រីកផ្លូវហាយវេលេខ១២តភ្ជាប់ប្រទេសថៃ-មីយ៉ាន់ម៉ា និងឡាវបានបញ្ចប់រួចរាល់ហើយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ដំណាក់កាលចុងក្រោយនៃការពង្រីកផ្លូវហាយវេលេខ ១២ ដែលតភ្ជាប់ប្រទេសថៃជាមួយមីយ៉ាន់ម៉ា និងឡាវ ត្រូវបានបញ្ចប់ហើយ ដែលរដ្ឋាភិបាលថៃសង្ឃឹមថា ផ្លូវហាយវេនេះនឹងជំរុញសកម្មភាពសេដ្ឋកិច្ចឆ្លងដែនរវាងប្រទេសទាំង៣។

លោក Anucha Burapachaisri អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានឱ្យដឹងកាលពីថ្ងៃចន្ទថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា សង្ឃឹមថា ការពង្រីកផ្លូវហាយវ៉េនេះនឹងនាំមកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាពិសេសសម្រាប់អ្នករស់នៅក្នុងខេត្ត Kalasin និងខេត្ត Mukdahan នៅភាគឦសាននៃប្រទេសថៃ។

ផ្លូវហាយវេលេខ ១២ គឺជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើត-ភាគខាងលិច (EWEC) ដែលជាផ្លូវតភ្ជាប់ប្រទេសអាស៊ីអាគ្នេយ៍ដីគោកចំនួន៤ពីប្រទេសមីយ៉ាន់ម៉ានៅភាគខាងលិចទៅកាន់ប្រទេសវៀតណាមនៅភាគខាងកើត។

រដ្ឋាភិបាលបានអះអាងថា ការបញ្ចប់ផ្លូវហាយវេនេះនឹងក្លាយជាអត្ថប្រយោជន៍សម្រាប់ភស្តុភារ ក៏ដូចជាពាណិជ្ជកម្ម និងទេសចរណ៍ ដោយសារវាតភ្ជាប់ឆ្នេរសមុទ្រ Andaman ទៅកាន់សមុទ្រចិនខាងត្បូងប្រកបដោយប្រសិទ្ធភាព។

ប្រហែល៧៩៣គីឡូម៉ែត្រនៃផ្លូវហាយវេប្រវែងសរុប១.៥៣០គីឡូម៉ែត្រស្ថិតនៅក្នុងប្រទេសថៃ។ ផ្នែកផ្លូវហាយវេរបស់ថៃចាប់ផ្តើមនៅស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ ក្នុងស្រុក Mae Sot របស់ខេត្ត Tak តភ្ជាប់ជាមួយ Sukhothai Phitsanulok Phetchabun Chaiyaphum Khon Kaen Kalasin និង Mukdahan ដែលវានឹងតភ្ជាប់ទៅកាន់ប្រទេសឡាវនៅស្ពានមិត្តភាពថៃ-ឡាវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here