ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រាក់ជាង១៨០លានដុល្លារកាលពីត្រីមាសទី១ ឆ្នាំ២០២៣នេះ ដើម្បីយកទៅសងបំណុលសាធារណៈ។
ក្នុងទំហំទឹកប្រាក់នេះ គឺថយចុះបន្តិចបន្តួចបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
-->
ឯកសារព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា (Cambodia Public Debt Statistical Bullentin) ដែលចេញផ្សាយកាលពីសប្តាហ៍មុនឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានទូទាត់សេវាបំណុលសរុប១៨០,៦៨ លានដុល្លារអាមេរិក ដើម្បីធ្វើការទូទាត់ ក្នុងក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេស ដែលមានប្រមាណ១៨០,៥៨ លានដុល្លារអាមេរិក (ប្រាក់ដើម ១៣៩,៩៨ លានដុល្លារ និងការប្រាក់ និងកម្រៃផ្សេងៗ ៤០,៦០ លានដុល្លារ) និង ក្នុងក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស០,១០ លានដុល្លារ (ប្រាក់ដើម ០ ដុល្លារ និងការប្រាក់ ០,១០ លានដុល្លារ។
សម្រាប់ចំនួនទឹកប្រាក់ខាងលើ បើធៀបរយៈពេលដូចគ្នាឆាំ្ន២០២២ គឺការទូទាត់សេវាបំណុល ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ថយចុះប្រមាណ៣ភាគរយ ពីចំនួន១៨៧,០៣លានដុល្លារ។
លោកបណ្ឌិតហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ការសងបំណុលទៅឱ្យម្ចាស់កម្ចី គឺជាកិច្ចការ ដែលរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ និងគោរពខ្ជាប់ខ្ជួនតាមអ្វីដែលសន្យាមុនពេលទទួលកម្ចីពីគេ។ ការបង្វែរប្រាក់សងតាមកាលកំណត់ គឺមិនត្រឹមតែជួយលើកមុខមាត់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីភាពរឹងមាំ នៃសេដ្ឋកិច្ចកម្ពុជាផងដែរ ព្រោះបើសេដ្ឋកិច្ចដំណើរការមិនល្អ រដ្ឋប្រាកដជាគ្មានប្រាក់យកទៅសងគេ តាមកាលកំណត់ទេ។
លោកប្រាប់ទៀតថា “ការសងនេះ ក៏បង្ហាញពីភាពប៉ិនប្រសប់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការប្រមូលថវិកា និងសន្សំសំចៃចំណូលជាតិក្នុងកាលៈទេសៈ ដែលពិភពលោកកំពុងជួបវិបត្តិ ជាបន្តបន្ទាប់ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ។
លោកបន្តថា “បច្ចុប្បន្នកម្រិតនៃការលេចជ្រាបថវិការដ្ឋ ក៏ត្រូវបានកាត់បន្ថយច្រើនដែរ តាមរយៈការរឹតបន្តឹងប្រព័ន្ធច្បាប់ និងការសម្រួលនីតិវិធីមួយចំនួន តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា”។លោកបន្តថា “ ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកពេលនេះ កំពុងជួបនឹងភាពមិនច្បាស់លាស់ កំណើនអតិផរណា និងការវិនិយោគធ្លាក់ចុះ ប៉ុន្តែកម្ពុជា គឺនៅតែគោរពខ្ជាប់ខ្ជួន នូវការសងប្រាក់ទៅម្ចាស់បំណុល”។
យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា គឺនៅក្នុងឆ្នាំ ២០២២ រដ្ឋាភិបាលកម្ពុជាបានសងបំណុល ប្រមាណ៤៦៤,២២ លានដុល្លារអាមេរិក កើនឡើងប្រមាណ២១ភាគរយ បើធៀបឆ្នាំ២០២១៕