ដោយ: គង់ លាងហួរ
ហាណូយ: ក្រុមហ៊ុនកូរ៉េធំៗ កំពុងស្វែងរកឱកាសវិនិយោគថ្មីនៅក្នុងប្រទេសវៀតណាម ដោយមើលឃើញពីសក្តានុពលដ៏ធំ និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលកាលពីឆ្នាំមុន វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់កូរ៉េបន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។
ខណៈចំណុចស្នូល គឺសំដៅកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េលើប្រទេសចិន ដែលក្រុមហ៊ុនអាជីវកម្មកូរ៉េប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារតែការប្រជែងគ្នា រវាងប្រទេសចិន និងសហរដ្ឋអាមេរិកលើខ្សែសង្វាក់ផ្គត់ផ្គង់ និងបញ្ហាផ្សេងៗទៀត។
ជាក់ស្តែង ការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ទៅលើប្រទេសវៀតណាម ត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះ របស់មេដឹកនាំធុរកិច្ចកូរ៉េជាង២០០នាក់ រួមទាំងប្រធានក្រុមហ៊ុនកំពូលទាំង៤របស់ប្រទេសកូរ៉េ ដែលកំពុងអមដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតី Yoon Suk Yeol ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងនាមជាគណៈប្រតិភូសេដ្ឋកិច្ច។
ក្រុមមន្ត្រីឧស្សាហកម្មរំពឹងថា ប្រធានក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong ប្រធានក្រុមហ៊ុន SK Group លោក Chey Tae-won ប្រធានប្រតិបត្តិក្រុមហ៊ុន Hyundai Motor Group លោក Chung Euisun និងប្រធានក្រុមហ៊ុន LG Group លោក Koo Kwang-mo នឹងប្រកាសពីឱកាសវិនិយោគថ្មីៗជាច្រើននៅក្នុងប្រទេសវៀតណាម។MR. Chey Tae-won
Mr. Chung Eur-sun

សម្រាប់លោក Lee Jae-yong ប្រទេសវៀតណាមបានក្លាយទៅជាគោលដៅអាជីវកម្ម ដោយសារតែក្រុមហ៊ុន Samsung Electronics ផលិតចំនួនស្មាតហ្វូន Galaxy ជិតពាក់កណ្តាលរបស់ខ្លួននៅក្នុងរោងចក្រនៅវៀតណាម។ សារៈសំខាន់ត្រូវបានសង្កត់ធ្ងន់បន្ថែមទៀត ដោយសារតែស្មាតហ្វូន Galaxy បានរួមចំណែកប្រហែលមួយភាគប្រាំ នៃការនាំចេញសរុបរបស់ប្រទេសវៀតណាម។លោកប្រធានាធិបតី Yoon Suk Yeol ក៏អាចរួមដំណើរជាមួយលោក Lee ក្នុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌល R&D របស់ក្រុមហ៊ុន Samsung Electronics នៅក្នុងទីក្រុងហាណូយផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន Samsung Electronics ប្រតិបត្តិការសាខាផលិតកម្មចំនួនប្រាំមួយ អង្គភាពលក់រាយ ព្រមទាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្នុងប្រទេសវៀតណាម៕