តើទណ្ឌកម្មលើមហាយក្សចិន ក្នុងករណីផ្ទុះសង្គ្រាមតៃវ៉ាន់ នឹងបង្កវិនាសកម្មដល់សេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរកម្រិតណា?

0

សុខុម

ហុងកុង: បញ្ហាកោះតៃវ៉ាន់ គឺជាចំណុចដ៏រសើបបំផុតដែលធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ប្រេះឆា និងកើនឡើងកម្ដៅជាច្រើនលើកច្រើនសា បង្កការព្រួយបារម្ភពេញពិភពលោក។

ដោយសារតែកោះតៃវ៉ាន់ ប្រកាសថាខ្លួនជារដ្ឋឯករាជ្យដោយមានសហរដ្ឋអាមេរិក គាំទ្រនៅពីក្រោយ ខណៈប្រទេសចិន អះអាងរហូតមកថា តៃវ៉ាន់ គ្រាន់តែជាកោះមួយរបស់ប្រទេសចិន នោះ ពេលនេះមានការចោទជាសំណួរដ៏គួរឱ្យចាប់អារម្មណ៍មួយថា៖ តើទណ្ឌកម្មលើមហាយក្សចិន ក្នុងករណីផ្ទុះសង្គ្រាមតៃវ៉ាន់ នឹងបង្កវិនាសកម្មដល់សេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរកម្រិតណា?

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា បង្ហាញថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពេញទំហឹងដោយក្រុមប្រទេស G7 ទៅលើរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងករណីប្រទេសចិន បញ្ឆេះសង្រ្គាមទៅលើកោះតៃវ៉ាន់ នឹងបង្កឱ្យសេដ្ឋកិច្ចពិភពលោកទទួលរងការខាតបង់រហូតដល់ទៅ៣ទ្រីលានដុល្លារអាមេរិក ដែលស្ទើរតែស្មើផលទុនជាតិសរុប (GDP) របស់ប្រទេសអង់គ្លេស ទាំងមូល។របាយការណ៍របស់អង្គការក្រុមប្រឹក្សាអាត្លង់ទិក (Atlantic Council) និងក្រុមហ៊ុនផ្ដល់ការសិក្សាស្រាវជ្រាវឯករាជ្យ Rhodium Group នេះធ្វើឡើងក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហើបពីបំណងព្យាយាមដណ្ដើមកោះតៃវ៉ាន់ យកមកកាន់កាប់វិញដោយប្រើកម្លាំងបាយ។

របាយការណ៍នេះក៏បង្ហាញពីមេរៀនទទួលបានពីការចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពីសំណាក់ប្រទេសរុស្ស៊ី ដែលមានទំហំសេដ្ឋកិច្ចត្រឹមតែ១ភាគ១០នៃទំហំសេដ្ឋកិច្ចរបស់ប្រទេសចិន ផងដែរ។

លោក Charlie Vest នាយករងក្រុមហ៊ុន Rhodium Group និងជាសហអ្នកសរសេររបាយការណ៍ដែលមានចំណងជើងថា “ការដាក់ទណ្ឌកម្មប្រទេសចិន ក្នុងវិបត្តិតៃវ៉ាន់ : សេណារីយ៉ូ និងហានិភ័យ” (Sanctioning China in a Taiwan Crisis: Scenarios and Risks) បានលើកឡើងថា “ស្ថានការណ៍កាន់តែអាក្រក់ទៅៗនៅច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) នឹងធ្វើឱ្យគ្រប់គ្នាខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់”

លោកបានបន្ថែមទៀតថា ប៉ុន្តែស្ថានការណ៍កាន់អាក្រក់ទៅៗពិតជាកើតឡើង។ ហើយយើងបានមើលឃើញស្ថានការណ៍នោះយ៉ាងច្បាស់នៅអ៊ុយក្រែន។ ដូច្នេះវាពិតជាសំខាន់ណាស់ដែលយើងត្រូវគិតគូរ និងយល់ដឹងពីផលវិបាករបស់វា

របាយការណ៍ដែលមានកម្រាស៣៥ទំព័រនេះបង្ហាញពីគោលដៅសំខាន់ៗចំនួន៣ដែលក្រុមប្រទេស G7 រួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក អាចដាក់ទណ្ឌកម្មលើក្នុងករណីរដ្ឋាភិបាលចិន ដណ្ដើមយកកោះតៃវ៉ាន់ មកវិញដោយប្រើកម្លាំងបាយ។ គោលដៅទាំង៣នោះរួមមានវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន ឧស្សាហកម្មនានាដែលមានទំនាក់ទំនងជាមួយយោធាចិន និងបុគ្គល ឬ ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយយោធា ឬ ថ្នាក់ដឹកនាំនយោបាយរបស់រដ្ឋាភិបាលក្រុងប៉េកាំង៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here